ក្រោយកើតមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក រហូតដល់បានបិទមិនឱ្យក្រុមហ៊ុន Huawei អាចប្រើប្រាស់បច្ចេកវិទ្យាអាមេរិកបាន ឧទាហរណ៍ គឺសេវាកម្ម Google កាលពីដើមខែមុននោះ។ ពេលនេះរដ្ឋាភិបាលអាមេរិក ហាក់បានបន្ទន់ឥរិយាបថវិញ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនបន្តរកស៊ីជាមួយក្រុមហ៊ុន Huawei បានដូចមុន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកពីបញ្ហាខាងលើនេះឡើង នៅក្នុងជំនួបកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុនកាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2019 កន្លងទៅថ្មីៗនេះ។
លោកត្រាំ បានថ្លែងថា ”ក្រុមហ៊ុនអាមេរិកជាអ្នកបង្កើតផលិតផល ហើយក៏ជាប្រទេសតែមួយគត់ដែលនាំមុខផ្នែកបច្ចេកវិទ្យា។ លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Huawei នៅបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដដែលដូចមុន ហើយយើងនឹងបន្តលក់សេវាកម្ម ឬផលិតផលនោះឡើងវិញ” ។
តែទោះជាយ៉ាងនេះក្ដី លោកមិនបានយល់ស្របទាំងស្រុងឱ្យបើកចំហដូចមុនទេ ពោលគឺបានបន្ថែមលក្ខខណ្ឌខ្លះត្រង់ថា សំដៅទៅលើឧបករណ៍របស់ Huawei ដែលកន្លងមកមានការសង្ស័យថា អាចពាក់ព័ន្ធ ឬប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិអាមេរិក ឧទាហរណ៍ដូចជា ឧបករណ៍ដែលអាចប្រើ 5G បានជាដើម ដូចនេះបើសិនរកឃើញថា មិនមានបញ្ហា នោះអាមេរិកនឹងនៅតែរីករាយបន្តការរកស៊ីដដែល លើសពីនេះទៀត លោកត្រាំ បង្គាប់ឱ្យចិនបើកទ្វារទទួល(ទិញ)ផលិតផលអាមេរិកវិញផង ជាជាងការលក់ចេញតែម្ខាង៕