ឡារ៉ែន ជឿថា បងៗស្ត្រីមេផ្ទះទាំងឡាយច្បាស់ជាធ្លាប់ចម្អិនម្ហូបអាហារបែបស្ងោរមកជាច្រើនដងហើយ ដែលជួនកាលក៏ឆ្ងាញ់ និងជួនកាលទៀតក៏ដូចជាមិនសូវត្រូវមាត់សមាជិកក្នុងផ្ទះ ជាពិសេសលោកប្ដីប៉ុន្មានឡើយ ដូច្នេះខាងក្រោមនេះ គឺជាតិចនិកល្អៗក្នុងធ្វើម្ហូប ឬចម្អិនអាហារបែបស្ងោរដែល ឡារ៉ែន យកមកជម្រាបជូនដូចតទៅ ៖
តិចនិកស្ងោរបន្លែផ្សេងៗឱ្យឆ្ងាញ់ពិសា1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានក្នុងការស្ងោរបន្លែ។
2. មុននឹងយកបន្លែមកដាក់ស្ងោរ គួររង់ចាំឱ្យទឹកពុះជាមុនសិន សឹមដាក់បន្លែចូលទៅ មិនគួរដាក់ត្រាំស្ងោរនៅក្នុងឆ្នាំងតាំងពីដំបូងទីឡើយ។
3.បន្លែពណ៌បៃតងគួរធ្វើឱ្យឆ្អិនដោយវិធីស្រុស ឬដាក់ចូលទៅក្នុងទឹកពុះ ហើយពេលទឹកពុះម្តងទៀតចូរលើកចុះភ្លាមតែម្ដង។
4. បន្លែមើម ដូចជា មើមស្ពៃ មើមឆៃថាវ មើមការ៉ុត គួរស្ងោរនៅក្នុងទឹកពុះតិចៗ និងគួរស្ងោរទាំងមូល វានឹងជួយរក្សាគុណប្រយោជន៍ខាងអាហារបានច្រើនជាងការហាន់ជាដុំៗរួចដាក់ស្ងោរ។
5. រាល់ពេលស្ងោរបន្លែ គួរបិទគម្របឆ្នាំង ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែកាន់តែឆាប់ឆ្អិនព្រោះបន្លែកាន់តែនៅក្នុងទឹកក្តៅយូរ គុណប្រយោជន៍ខាងអាហារកាន់តែថយចុះ។ធ្វើតាមតិចនិកដ៏ងាយៗខាងលើនេះ ក្រៅពីបងៗទទួលបានបន្លែស្ងោរដែលឆ្ងាញ់ជាងអ្នកដទៃហើយ នៅបានទទួលគុណប្រយោជន៍ខាងអាហារយ៉ាងពេញបរិបូរណ៍ទៀតផង។
វិធីស្ងោរត្រីមិនឱ្យធំុក្លិនឆ្អាបវិធីងាយៗក្នុងការស្ងោរត្រីមិនឱ្យមានក្លិនឆ្អាបក្នុងទឹកស្ងោរនោះគឺ ចូរដាក់ស្លឹកតែចិនចូលទៅក្នុងឆ្នាំងស្ងោរប្រមាណ6-7សន្លឹក ហើយបើបានដំមើមខ្ទឹមក្រហម 2-3 មើមឱ្យបែក រួចដាក់ចូលទៅផងនោះ នឹងរឹតតែបង្កើនរសជាតិសម្លស្ងោរត្រីរបស់បងៗឱ្យកាន់តែឈ្ងុយឆ្ងាញ់ បាត់អស់ក្លិនឆ្អាប និងទទួលទានកាន់តែស្និទ្ធទៀតផង។
ទិចនិកស្ងោរផ្លែពោតឱ្យទន់ ផ្អែម ឆ្ងាញ់ផ្លែពោតគឺជាបន្លែផ្លែឈើដែលងាយឆ្អិនជាទីបំផុត ដូច្នេះយើងមិនគួរប្រើពេលវេលាក្នុងការស្ងោរយូរពេកឡើយ ព្រោះនឹងធ្វើឱ្យសាច់គ្រាប់់ផ្លែពោតឡើងស្វិតជ្រួញញ៉ាំលែងឆ្ងាញ់។តិចនិកក្នុងការស្ងោរពោតឱ្យញ៉ាំឆ្ងាញ់គឺ ៖
– ចូរដាក់ទឹកដោះគោឆៅ 1កូនចានទឹកជ្រលក់ទៅក្នុងទឹកស្ងោរពោត។
– ដាក់ស្ករសចូលទៅ 1ស្លាបព្រាកាហ្វេ។
– ដាំទឹកឱ្យពុះដោយប្រើភ្លើងខ្លាំង។
– រង់ចាំឱ្យទឹកនៅក្នុងឆ្នាំងពុះខ្លាំងជាមុនសិន សឹមយកផ្លែពោតដាក់ចូលទៅដោយតម្រៀបគ្នានៅក្នុងឆ្នាំងស្ងោរនោះ។
– បន្ទាប់មកស្ងោរបន្តទៀតរយៈពេល 3នាទីទៀត។
– ពេលនោះផ្លែពោតនឹងឆ្អិនល្អ។
– ចូរស្រង់ផ្លែពោតឡើងមក ហើយយកអំបិល-សមកលាបពីលើបន្តិច។ តែប៉ុណ្ណឹង អ្នកនឹងបានផ្លែពោតស្ងោរដែលទន់ផ្អែម ឈ្ងុយឆ្ងាញ់សម្រាប់ទទួលទានហើយ។
វិធីស្ងោរស៊ុតមិនឱ្យសាច់ស៊ុតហៀរចេញតាមសម្បកដែលប្រេះបែកសម្បកស៊ុតប្រេះបែកក្នុងអំឡុងពេលស្ងោរក៏ជាបញ្ហាមួយដែរ ជាពិសេសពេលស្ងោរស៊ុតម្តងៗច្រើនគ្រាប់ដើម្បីបកដាក់ក្នុងខសាច់ជ្រូកជាដើម ដែលធ្វើឱ្យស៊ុតស្ងោរចេញមកមានរូបរាងមិនស្អាត។ យើងមានវិធីល្អៗដើម្បីការពារមិនឱ្យសាច់ស៊ុតហៀរចេញតាមសម្បកស៊ុតដែលប្រេះបែកនោះមកជម្រាបជូន ៖
ដំបូងបង្អស់បងៗស្ត្រីមេផ្ទះត្រូវជ្រើសរើសយកស៊ុតណាដែលថ្មី សម្បកគ្មានស្នាមប្រេះ និងស្អាត។ ពេលស្ងោរចូរដាក់ទឹកឱ្យលិចស៊ុតទាំងអស់តាំងពីដំបូង ឯតិចនិកសំខាន់ គឺស្ថិតនៅលើការដាក់ទឹកក្រូចឆ្មារបន្តិចចូលទៅក្នុងទឹកស្ងោរនោះ ដោយទឹកក្រូចឆ្មារនេះវានឹងជួយមិនឱ្យសាច់ស៊ុតហៀរចេញពីសម្បក ឬក៏ដាក់អំបិលចូលទៅក្នុងទឹកស្ងោរនោះប្រហែល 1ស្លាបព្រាបាយក៏បានដូចគ្នា ព្រោះអំបិលវានឹងជួយការពារមិនឱ្យសាច់ស៊ុតហៀរចេញមកតាមស្នាមប្រេះនៅលើសម្បកហ្នឹងឯង។
តិចនិកទាំងអស់ខាងលើ ទស្សនាវដ្តី ឡារ៉ែន មិនមានចុះបញ្ជីកម្មសិទ្ធិបញ្ញាទេ ហេតុនេះបងៗស្ត្រីមេផ្ទះអាចចែករំលែកតៗគ្នាបានសូមអរគុណ៕