ថ្ងៃអាទិត្យកន្លងទៅម្សិលមិញនេះ គេបានឃើញថា តារាសម្ដែងថៃពីរដួងទៀហើយ បង្ហាញវត្តមាននៅលើទឹកដីប្រទេសកម្ពុជា ក្នុងការសម្ពោធភាពយន្ដថ្មីរបស់ខ្លួន ខណៈដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា។ តៅ ( Tao ) និង ប៉ប់ពី (Poppy) ពិតជាតុបតែងខ្លួនយ៉ាងស្រស់សង្ហាស្រស់ស្អាតបែបសាមញ្ញៗធម្មជាតិៗ ធ្វើដំណើរមកជួបអ្នកគាំទ្រនៅព្រលានយន្តហោះ។ ពួកគេបានបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា។
ជំនួបអ្នកគាំទ្រ ឬហ្វេនៗ ត្រូវបានធ្វើឡើងនាវេលាម៉ោងប្រហែលជិត7 យប់ ក្នុងបរិវេណរោងភាពយន្ដ Major Cineplex AEon 1 ពិតជាធ្វើឱ្យកក្រើកអស់រោងភាពយន្ដទំនើបនេះទាំងមូល។ សម្រាប់ការបទសម្ភាសន៍ជាមួយតារាឯកប្រុស តៅ និង ប៉ប់ពី គឺពិតជាធ្វើឱ្យអ្នកគាំទ្ររបស់ពួកទប់សំណើចមិនជាប់ និងពោលឡើងថា អ្នកទាំងពីរពិតជាគួរឱ្យស្រឡាញ់ខ្លាំងបំផុត ដែលខំប្រឹងនិយាយពាក្យ និងឃ្លាមួយប្រយោគៗជាភាសាខ្មែរ។ តៅ បានប្រាប់សារព័ត៌មានឡារ៉ែនថា ខ្លួននិងតារាស្រី ប៉ប់ពី គឺពិតជារំភើប ដែលខំប្រឹងនិយាយភាសាខ្មែរទាំងពិបាកស្ដាប់ និងមិនសូវត្រូវសំឡេង។ បើទោះបីជាសាមីខ្លូនអាចនិយាយភាសាអង់គ្លេសក្នុងការទំនាក់ទំនងជាមួយហ្វេនបានយ៉ាងប្រសើរយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែ តៅ និងប៉ប់ពី នៅតែខំនិយាយភាសាជាមួយហ្វេនៗដដែរ បើទោះបីជាត្រូវខ្លះខុសខ្លះ ។
ការស្វាគមន៍យ៉ាងរាក់ទាក់ទៅកាន់តារាថៃពីរដួងនេះ បានធ្វើឱ្យហ្វេនកាន់តែមិនចង់ចាកចេញពីមុខឆាករបស់ Major Cineplex ពោលគឺ នៅទាល់គេដេញ...( ហិហិហិ មិនមែនទេ គាំទ្រដល់ចប់ទេតើ! )។ ជាចំណងដៃនៃការផ្ដល់ក្ដីស្រឡាញ់និងស្នាមញញឹមដល់អ្នកគាំទ្រ តៅ និង ប៉បពី បានបង្ហាញក្បាច់រាំ អមដោយចម្រៀងនៅក្នុងភាពយន្ដថែមទៀតផង។ អ្នកទាំងពីរផ្ដាំថា កុំភ្លេចទៅទស្សនាភាពយន្ដរឿង « មួយណាទៅគូព្រេងខ្ញុំ» ក្នុងរោងភាពយន្ដ Major Cineplex គ្រប់សាខា ចាប់ពីថ្ងៃនេះតទៅហើយ៕