បងប្អូននៅចាំ ស៊ឹម ថៃណា ម្ចាស់បទ “បេះដូងឆ្គួតបាន” ដែរឬទេ? តារាចម្រៀងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីមួយរូបក្នុងប្រទេសកម្ពុជា ជាមួយសម្លេងបែបស្អក ច្រៀងបានពីរោះ និងនិយមលេងខ្លួនសិចស៊ី។
ក្រោយពីចាកចេញពីផលិតកម្ម M ហើយ តារាស្រីរូបនេះវិវត្តខ្លួនមកជាតារាចម្រៀងឯករាជ្យ ដោយផលិតបទចម្រៀង Original Song ចំនួន១បទ ដែលបង្ហោះនៅលើបណ្ដាញសង្គមយូរធូបក្នុងឆាណែលផ្ទាល់ខ្លួន «Thaina Official »។
តារាស្រីដែលធ្លាប់ជាប់ឈ្មោះស្រឡាញ់ស្រីដូចគ្នារូបនេះ បានលើកឡើងថា នាងបានចាកចេញពីផលិតកម្មមានរយៈពេលយូរមកហើយ ចាប់តាំងពីម្ដាយនាងបានទទួលអនិច្ចកម្មមកម្ល៉េះ។ ហេតុផលត្រូវបានកញ្ញា ថៃណា អះអាងថា ដោយសារចង់ស្វែងរកអ្វីដែលខ្លួនចង់ធ្វើ មិនរងអារម្មណ៍ពីបុគ្គលណាម្នាក់។ ថៃណា យល់ថា ខ្លួនធ្វើជាតារាចម្រៀងឯករាជ្យសក្ដិសមជាងតារាចម្រៀងចុះកុងត្រា ព្រោះកញ្ញាជាមនុស្សចូលចិត្តធ្វើការងារតាមអារម្មណ៍ ដូច្នេះបើមានបទចម្រៀងចង់ច្រៀងពេលណាក៏ចេញ ជាសិទ្ធសេរីភាពមួយដែលកញ្ញាចង់បានច្រើនជាង។
បទថ្មីដែលបានផលិតដោយមានការជ្រោមជ្រែងពីសំណាក់ថៅកែហាង ភូមិគ្រឹះហ៊ា នោះមានចំណងជើងថា «កុំខ្លាចការបាត់បង់» ពិតជាមានភាពទាក់ទាញមែន ក៏ប៉ុន្ដែក៏ជួបការលំបាកខ្លះដែរ ដោយសារក្រុមការងាររបស់ខ្លួនសុទ្ធតែសកម្មនិងខ្នះខ្នែងធ្វើបទចម្រៀងថ្មីបែបមនោសញ្ចេតនាមួយនេះឡើង មានលាយបញ្ចូលភ្លេងបុរាណ និងឧបករណ៍ភ្លេង SAXOPHONE ដើម្បីឱ្យកាន់ប្លែកត្រចៀកអាចអង្រួនចិត្តអ្នកគាំទ្របានមិនខាន។ ថៃណា បញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងដំបូងក្នុងការផលិតបទនិពន្ធសម្រាប់ខ្លួន បើទោះបីជាមិនទាន់ទទួលបានការគាំទ្រខ្លាំងក៏ពិតតែ តែនាងក៏ទទួលបានកម្លាំងបណ្ដាលចិត្តច្រើនពីអ្នកគាំទ្រនៅលើបណ្ដាញសង្គមឱ្យ ថៃណា កាន់ផលិតបទថ្មីចង្វាក់ភ្លេងបន្ដទៀតដើម្បីបំបែកទីផ្សារចម្រៀង។
ចឹងដឹងថាបទនិពន្ធថ្មីរបស់តារាស្រី ស៊ឹម ថៃណា ពិរោះរណ្ដំចិត្តយ៉ាងណានោះ សូមស្ដាប់បទ «កុំខ្លាចការបាត់បង់» ខាងក្រោមនេះ ៖