តារាសម្ដែង ឡុង សុខហៀង ប្រកាសពីមហិច្ចតារបស់ខ្លួន នឹងត្រៀមបង្កើតជាសមាគមស្របច្បាប់ក្នុងពេលឆាប់ៗ ដើម្បីងាយស្រួលក្នុងការពង្រីកសកម្មភាពរ៉ៃអង្គាសលុយជួយទុរគតជនដែលខ្វះខាតឱ្យបានកាន់តែច្រើន។
គេកត់សម្គាល់ឃើញថា ក្នុងប៉ុន្មានខែចុងក្រោយនេះ លោក ឡុង សុខហៀង ដែលជាតារាសម្ដែងមួយរូបនិងជាប្រធានក្លិបសិល្បៈ បានវាយលុកសកម្មភាពរ៉ៃអង្គាសប្រមែប្រមូលថវិកាជួយដល់ជនខ្វះខាតនៅលើបណ្ដាញហ្វេសប៊ុកយ៉ាងខ្លាំង ដោយលោកក៏បានដឹកនាំសិល្បករក្មេងៗនិងសប្បុរសជនគ្រប់ទិសទី ឱ្យចូលរួម និងបរិច្ចាគក្នុងសកម្មភាពសប្បុរសធម៌យ៉ាងខ្លាំង។
រៀបរាប់ប្រាប់សារព័ត៌មាន ឡារ៉ែន លោក ឡុង សុខហៀង និយាយថា បើតាមតែលោកមមាញឹកនឹងការងារផ្ទាល់ខ្លួន ជាពិសេសគឺការងារបណ្ដុះបណ្ដាលសិស្សឱ្យមានជំនាញសិល្បៈ និងដឹកនាំឱ្យចេញថតនៅតាមផលិតកម្មនានា ក៏ដូចជារវល់ក្នុងការផ្សាយលក់ផលិតផល គឺលោកមិនគួរចំណាយពេលរ៉ៃអង្គាសថវិកានោះទេ ប៉ុន្តែបណ្ដាលមកពីលោកចេះតែចិត្តមិនដាច់ នៅពេលមានគេទាក់ទងមកអោយជួយអ្នកនេះជួយអ្នកនោះ ហើយលោកក៏ឃើញពីការលំបាកនោះដោយផ្ទាល់ភ្នែក ទើបលោកចេះតែប្រកូកប្រកាស ហើយដឹកនាំតារាក្មេងៗ និងសប្បុរសជនចុះទៅប្រគល់អំណោយដោយផ្ទាល់ដៃ។
លោកបន្ដបញ្ជាក់ថា ខ្លួនមានលទ្ធភាពបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ជនខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោកមានកម្លាំងចិត្ត គឺដោយសារតែកម្លាំងទឹកចិត្តពីសប្បុរសជន ដែលធ្វើឱ្យលោកដែលគ្រាន់តែជាអ្នកនាំសារពីទុរគតជន ទទួលបានថវិកាច្រើនជាហូរហែរក្នុងកិច្ចការនេះ។ គោលបំណងដែលលោកកាន់តែសកម្មក្នុងកិច្ចការនេះ គឺដើម្បីបំផុសទឹកចិត្តសិល្បករក្មេងៗ ជាពិសេសគឺសប្បុរសជន ឱ្យកាន់តែមានសកម្មភាពបរិច្ចាគ និងដើម្បីបណ្ដុះទឹកចិត្តអាណិតស្រលាញ់ដល់អ្នកខ្វះខាតឱ្យបានច្រើននៅក្នុងសង្គម។
តារាសម្ដែងរូបនេះបានបន្តថា ក្នុងពេលខាងមុខ លោកនឹងរត់ច្បាប់បង្កើតជាសមាគម ដើម្បីអាចចុះធ្វើសកម្មភាពរៃអង្គាសនានា ឱ្យបានកាន់តែល្អ ជួយដល់ក្រុមទុរគតជនខ្វះខាត។ ក្នុងនោះក៍ដើម្បីងាយស្រួលចាប់ដៃជាមួយស្ថាប័ននេះស្ថាប័ននោះ ក្នុងពេលចង់ធ្វើសកម្មភាពជួយសង្គម ងាយស្រួលក្នុងការពង្រីកសកម្មភាពផងដែរ។ លោកប្រកាសជំហរថា នឹងមិនឈប់សកម្មភាពរ៉ៃអង្គាស និងចុះជួយដល់ជនខ្វះខាតនោះទេ ដោយលោកប្រកាសជំហរសុខចិត្តបោះចោលការងារបានលុយ តែនឹងយកពេលកៀរគរម្ចាស់ជំនួយជួយដល់ខ្វះខាត ដែលបានស្នើមកឱ្យអស់ពីលទ្ធភាពនោះផង៕