ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅត្រឹមឆមាសទី1នៃឆ្នាំ2019នេះ កើនឡើងប្រមាណ 11.21%ដោយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំង2 បានកើនឡើងរហូតដល់ 85លានដុល្លារអាមេរិក។នេះបើយោងតាមការប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។
ឯកឧត្ដម ឡុង ឌីម៉ង់ បានលើកឡើងថា៖“ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ ក្នុងខែ ឧសភា 2019 នេះមានទឹកប្រាក់ចំនួន 85លានដុល្លារ ក្នុងនោះ ប្រទេសកូរ៉េបានធ្វើការនាំចូលមកកាន់កម្ពុជា មានទំហំ63,4លានដុល្លារ កើនឡើង ប្រមាណ11.21%។
ចំណែកកម្ពុជា បាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ មានទំហំទឹកប្រាក់21,6លានដុល្លារ កើនឡើងប្រមាណ4.38 % បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ2018។ ទន្ទឹមនេះកម្ពុជា នៅមានឱនភាពពាណិជ្ជកម្ម ជាមួយកូរ៉េចំនួន41,8លានដុល្លារ នៅក្នុងខែឧសភា កន្លងទៅនេះ”។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖“កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកូរ៉េខាងត្បូង និងប្រទេសកម្ពុជា គឺមានជាយូរណាស់មកហើយ ជាពិសេស ទៅលើវិស័យពាណិជ្ជកម្មតែម្ដង”។
លោកឧកញ៉ាបានជឿជាក់ថានៅពេលបន្ទាប់ ទំហំពាណិជ្ជកម្ម រវាងប្រទេស ទាំង2នេះ នឹងនៅតែបន្តមានការកើនឡើង ហើយលោកក៏បង្ហាញពីក្ដីសាទរចំពោះលទ្ធផល ដែលទទួលបានពីវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំង2នេះ។
លោកឧកញ៉ាបានបន្តទៀតថា ការវិនិយោគរបស់កូរ៉េ មកកាន់កម្ពុជាភាគច្រើន គឺជាការនាំចូលផលិតផលសម្រេចដូចជាសម្ភារសំណង់ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ យានយន្ត ភេសជ្ជៈ ក្រណាត់ គ្រឿងបន្លាស់ផ្ទះ ផលិតផលប្លាស្ទិក និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ។ ខណៈដែលទីផ្សារនៅកម្ពុជា មានជំនឿជឿជាក់ទៅលើកម្រិតគុណភាពនៃផលិតផលរបស់ប្រទេសមួយនេះ។
ចំណែកការនាំចេញផលិតផលក្នុងស្រុកបច្ចុប្បន្នរបស់កម្ពុជា ដែលបានដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញភាគច្រើនជាផលិតផលលើវិស័យកាត់ដេរ និងកសិផល រួមមានសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង កាបូប ជ័រកៅស៊ូ និងឱសថ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយសមាគមអ្នកនាំចូលកូរ៉េ (KOIMA)កាលពីចុងខែឧសភាកន្លងទៅនេះ ក៏បានស្នើសុំឱ្យ អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ KOIMA លោកហ្គូ-ហា ជាំង (Gyu-Ha Jang) ធ្វើការវិនិយោគ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅជនបទ ជាពិសេសអ្នកនៅក្នុងតំបន់ដែលមិនមានអគ្គិសនី និងទឹកស្អាត។
ប៉ុន្តែលោក ហ្គូ-ហា ជាំង បានធ្វើការស្នើសុំលម្អិត និងផែនការអាជីវកម្ម ដើម្បីសម្រួលការពិភាក្សា និងស្វែងរកដៃគូអាជីវកម្ម។ ព្រោះគាត់មានបំណងធ្វើជាដៃគូជាមួយអ្នកវិនិយោគក្នុងស្រុកដើម្បីវត្តមានគម្រោងនេះ។ លើសពីនេះទៅទៀតសហការីរបស់សមាគមលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពិនិត្យមើលលទ្ធភាពនាំម្រេចខេត្តកំពត ពីប្រទេសកម្ពុជាទៅប្រទេសកូរ៉េ។
ដោយហេតុថា ផលិតផលម្រេចកំពត គឺជាផលិតផលភូមិសាស្ត្រ ដែលល្បីល្បាញ និងមានខ្ពស់ជាងម្រេចផ្សេងទៀត។ប្រទេសកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េ ទៅទស្សនារោងចក្រម្រេចកំពត ដើម្បីសិក្សាបន្ថែម និងពិនិត្យមើលឱកាសនាំចេញ។
សូមបញ្ជាក់ផងដែរថា យោងលើទិន្នន័យរបស់Korea Eximbank បង្ហាញថាក្នុងចំណោមការវិនិយោគសំខាន់ៗកូរ៉េខាងត្បូងនៅកម្ពុជាមាន29% វិស័យអចលនទ្រព្យ21% ធនាគារ និងហិរញ្ញវត្ថុ18% សំណង់រោងចក្រ15% និងវិស័យកសិកម្ម 4%៕