លោកឪពុក-អ្នកម្តាយខ្លះអាចនឹងកើតអាការមិនត្រូវចិត្តភ្លាមៗតែម្ដង នៅពេលដែលកូនកំពុងធ្វើកិច្ចការផ្ទះហើយទាក់ ឬរអាក់រអួលក្នុងចំណុចដែលខ្លួនគិតថា “ងាយ” ឬជួនកាលកូនធ្វើខុសដោយសារតែគេមិនទាន់បានសង្កេតឃើញចំណុចអ្វីម្យ៉ាងនោះ ឪពុកម្ដាយក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាល ដាច់កន្ទុយ ធ្វើហាក់ដូចជាអ្វីៗលែងអាចកែខៃបានអុីចឹង។ បណ្ដាលឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ប្រែទៅជាស្រងូតស្រងាត់ដូចគ្នានឹងបេះដូងរបស់កូនដែលត្រូវស្វិតទ្រោមអស់ដែរ។
បើមិនចង់ឱ្យអំឡុងពេលនៃការធ្វើកិច្ចការផ្ទះក្លាយជាអំឡុងពេលដ៏អាក្រក់សម្រាប់ទាំងខ្លួនអ្នក និងកូនសម្លាញ់របស់អ្នកនោះពេលនេះទស្សនាវដ្តី ឡារ៉ែន មានអត្តបទស្រាវជ្រាវវិភាគមួយដែលនឹងណែនាំអំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូនក្លាយជាម៉ោងនៃការរៀនយល់ដឹងដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ “សម្លឹងមើលអ្វីជុំវិញខ្លួនក្នុងន័យល្អ ចិត្តត្រជាក់ៗ ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង” នោះវានឹងក្លាយទៅជាជំនួយដ៏សំខាន់មួយដែលធ្វើឱ្យកុមារ “បានរៀនចេះដឹង” យ៉ាងពិតៗពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ។
ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូនគ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែរួចៗពីដៃ ឬក៏ដាច់ខាតត្រូវតែធ្វើចេញមកឱ្យបានល្អស្អាតជ្រុលពេក លើសសមត្ថភាពរបស់ក្មេង(ដោយការបញ្ជាឱ្យសរសេតាម ឬឪពុកម្តាយធ្វើជំនួស) ដើម្បីឱ្យបានពិន្ទុល្អៗពីលោកគ្រូនោះ ទាំងអស់នេះគឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រដែលមិនត្រឹមត្រូវទៅវិញទេ។
ការវិភាគស្រាវជ្រាវមួយនេះបានសិក្សាពីការប្រព្រឹត្តរបស់កុមារថ្នាក់បឋមទី4 ហើយនិងអាណាព្យាបាលចំនួន135នាក់ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេស អុីស្រាអែល ដែលលោកវេជ្ជបណ្ឌិត Idit Kartz ជាម្ចាស់នៃការងារវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា ៖
“ឪពុកម្តាយអាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសពេក រួមទាំងមើលរំលងការខុសឆ្គងបន្តិចបន្តួចរបស់កូនខ្លះផង បើវាជាការធ្វើឱ្យកុមារសប្បាយរីករាយក្នុងការធ្វើកិច្ចការផ្ទះរបស់គេនោះ។
ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានភាពទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារ គឺជារឿងល្អប្រសើរមួយ ព្រោះបើបរិយាកាសល្អ មានឧបករណ៍សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៍ថា មានចិត្តចង់រៀន ចង់ធ្វើជាមិនខាន៕