ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិសេសរឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។
បង្ហើយគឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅពេលអាយុបានប្រមាណ 6ខែ។
ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។
ស្លឹកត្រចៀកគឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសរសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការនិយាយក៏មានបញ្ហាដែរ។
ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិត ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។
កែវភ្នែកតាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍(Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។
ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែកពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗនៅក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើកឡើងមិនស្មើគ្នា ឬអាយុ 2-3 ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម… បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។
ច្រមុះ
ច្រមុះមានតួនាទីដកដង្ហើម និងហិតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើន ដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះ(ទឹកសំបោរ)នឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។
ចំណុចគួរប្រយ័ត្ន ៖ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន។ រឿងដែលត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។
ក្រចកដៃក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។ ក្រចកដៃជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1-2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។
ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្ត្រៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូសក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រតីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុសប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រិន ឬផ្សេងទៀត។ល។
រន្ធផ្ជិតជាប្រក្រតី ចំណែករបស់ទងផ្ចិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។
ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំុក្លិននោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត… អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2-3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។
ស្បែកទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។
ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពីទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕