ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។ ស្ត្រីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូននៅក្នុងផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។1. ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក ហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។
2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្ត្រីមានគភ៌នោះ អាចឆ្លងចូលទៅក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្ត្រីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយនិងទារកកើតមកមានទម្ងន់ខ្លួនតិច។
3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន។
4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។
5. ស្ត្រីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។
6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6សប្តាហ៍។ ការកកើតធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។
ការណែនាំសម្រាប់ស្ត្រីមានគភ៌
1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំងក្នុងប្រឡោះធ្មេញ និងម្តុំជើងអញ្ចាញធ្មេញ និងគួរខ្ពុរមាត់ ឬដុសធ្មេញរៀងរាល់លើក ក្រោយពេលបរិភោគអាហាររួច។
2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួអរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយៈពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឱ្យធ្មេញឆាប់សឹកអស់(គួរខ្ពុរមាត់សិន មុននឹងដុសធ្មេញ)។
3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ កាល់ស្យូមជាសារធាតុអាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយទារកនឹងបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារកុំឱ្យធ្មេញពុក។
5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តងហើយបើមានអាការឈឺ ហើម ឬមានរលាកអញ្ចាញធ្មេញ គួរតែទៅទទួលការព្យាបាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតាមានផលប៉ះពាល់ដល់សុខភាពរបស់ទារក។
មេរោគបាក់តេរីនៅក្នុងប្រអប់មាត់របស់ស្ត្រីមានគភ៌អាចបញ្ជូនតទៅដល់កូនក្នុងផ្ទៃបានដូច្នេះការមានសុខភាពប្រអប់មាត់ល្អ គ្មានធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕