ព័ត៌មានស្ដីពីការបង្ហាញទូរស័ព្ទត្រកូល G ថ្មី របស់ក្រុមហ៊ុន LG បានក្លាយជាការពិតហើយ បន្ទាប់ពីបណ្តាញសារព័ត៌មានកូរ៉េមួយ បានចុះផ្សាយថា LG នឹងដាក់បង្ហាញម៉ូដែលស្មាតហ្វូនចំនួន 2 ប្រភេទ LG G6 Plus និង LG G6 Pro ដែលមានលក្ខណៈសម្បត្តិខ្លាំងជាងមុន និងទំនើបជាងមុននោះកាលពីដើមខែមិថុនា។
ក្នុងចំណោមផលិតផលទាំង 2 ទូរស័ព្ទ LG G6 Plus បានបង្ហាញខ្លួនរួចហើយ នៅសល់តែ G6 Pro ប៉ុណ្ណោះដែលក្រុមហ៊ុននឹងបញ្ចេញនៅពេលខ្លីខាងមុខ។ សម្រាប់ G6 Plus ត្រូវបានក្រុមហ៊ុនបង្កើតឡើងដោយនៅរក្សារូបរាងដដែល ប៉ុន្តែបន្ថែមលក្ខណៈសម្បត្តិខ្ពស់ជាងមុន ដោយពង្រីកនូវទំហំផ្ទុកដល់ 128GB និងមានបំពាក់នូវប្រព័ន្ធសំឡេងថ្មីដែលអាចបញ្ចេញសំឡេងយ៉ាងពីរោះរណំ្តមកពីក្រុមហ៊ុនបច្ចេកវិទ្យា B&O PLAY ហើយក៏មានបច្ចេកវិទ្យាសាកបញ្ចូលថ្មឥតខ្សែ Wireless Charging (តាមតំបន់មួយចំនួន) ហើយវាក៏មានមុខងារ Face Print, Low Power Consumption និង Covered Lens warning ជាដើមទៀតផង។
សម្រាប់មុខងារ Face Print ទូរស័ព្ទ G6 Plus បានប្រើប្រាស់នូវប្រព័ន្ធស្គែនផ្ទៃមុខ (Facial Recognition) ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដោះសោទូរស័ព្ទដោយប្រើពេលមិនដល់1 វិនាទីផង។ ចំពោះកម្លាំងម៉ាស៊ីនរបស់វា គឺមិនខុសគ្នាពី LG G6 ធម្មតានោះទេ។
ស្មាតហ្វូននេះមានជម្រើសពណ៌ចំនួន 3 ដូចជា ពណ៌ខ្មៅ (Optical Astro Black) ពណ៌ទឹកសមុទ្រ (Optical Marine Blue) និងពណ៌ទឹកមាស (Optical Terra Gold) ។
សរុបមកសម្រាប់ LG G6 Plus នេះ លើសតែត្រង់មានពណ៌ថ្មី, អង្គផ្ទុកទិន្នន័យ 128GB និងប្រព័ន្ធសំឡេងថ្មីប៉ុណ្ណោះ ហើយចំពោះតម្លៃក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់នៅឡើយទេ ហើយវានឹងចាប់ផ្តើមមានដាក់លក់នៅដើមខែកក្កដាខាងមុខនេះ៕