យោងតាមប្រភពព័ត៌មាននានាបានចុះផ្សាយថា ស្មាតហ្វូនត្រកូល Galaxy S10 របស់ក្រុមហ៊ុន Samsung ម៉ូដែល 5G កំពុងលក់ដាច់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ពោលគឺត្រឹមរយៈពេល 80ថ្ងៃបន្ទាប់ពីការប្រកាស ក្រុមហ៊ុនអាចលក់ចេញបានចំនួន 1លានគ្រឿងបាត់ទៅហើយ។
បើគិតជាមធ្យម ក្នុង 1ថ្ងៃ Samsung លក់បាន Galaxy S10 5G ចំនួន 15,000គ្រឿង។ ចំនួននេះ គឺឈ្នះដាច់ឆ្ងាយ បើធៀបនឹង LG ដែលប្រកាសចេញម៉ូដែល LG V50 ThinQ មាន 5G ដូចគ្នាកាលពីអំឡុងខែឧសភា ដោយលក់បានត្រឹមតែ 280,000គ្រឿងប៉ុណ្ណោះគិតមកដល់ពេលបច្ចុប្បន្ន។
Galaxy S10 5G មិនមែនគ្រាន់តែ Galaxy S10 Plus ប៉ុណ្ណោះទេដែលមានបន្ថែមសេវា 5G ប៉ុន្តែវានៅមានចំណុចដទៃទៀតលើស Galaxy S10 Plus ដូចជា មានកាមេរ៉ា 3D ចំនួន 2គ្រាប់ (ខាងមុខ1/ខាងក្រោយ1) មានអេក្រង់ធំជាង និងមានថ្មធំជាង (4500mAh ធៀបនឹង 4100mAh) ជាដើម។ តម្លៃស្មាតហ្វូន Galaxy S10 5G ជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន 256GB តម្លៃ 1,220ដុល្លារ ចំណែកជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន 512GB តម្លៃ 1,360ដុល្លារ។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសចេញបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងពិភពលោក ដែលបច្ចុប្បន្នមានក្រុមហ៊ុនទូរគមនាគមន៍ច្រើនជាង5 កំពុងប្រតិបត្តិការលក់កញ្ចប់សេវាអ៊ីនធើណិត ក៏ដូចជាការសហការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជា Samsung និង LG ជាដើម៕