ស្ត្រីដែលទើបតែឆ្លងទន្លេហើយថ្មីៗនោះ រាងកាយស្ថិតក្នុងអំឡុងពេលដែលត្រូវទទួលបានការមើលថែទាំ និងយកចិត្តទុកដាក់យ៉ាងពិសេស ដោយសារតែស្ត្រីដែលទើបនឹងប្រសូតបុត្ររួចថ្មីៗនឹងមានអាការល្វើយខ្សោយខ្លាំងណាស់ ហើយរឹតតែការប្រសូតដោយវិធីវះកាត់ផងនោះ អ្នកម្តាយនឹងមានអាការនឿយល្វើយខ្លាំងជាងការប្រសូតតាមវិធីធម្មជាតិច្រើនដងណាស់។ លេខនេះទស្សនាវដ្តី ឡារ៉ែន សូមនាំព័ត៌មានល្អៗពាក់ព័ន្ធនឹងការបរិភោគអាហារ និងការមើលថែទាំខ្លួនមកជម្រាបជូនដូចខាងក្រោម ៖
ក្នុងរយ:ពេលដំបូង បន្ទាប់ពីប្រសូតបុត្ររួច អ្នកម្តាយគួរតមការងារផ្ទះ និងការងារណាដែលធ្ងន់ៗ គួរទុកឱ្យស្វាមីធ្វើសិនទៅ។ រឿងដែលអ្នកម្តាយថ្មីថ្មោងគួរធ្វើក្នុងអំឡុងពេលសម្រាកបំប៉នរាងកាយនោះគឺ ការសម្រាកឱ្យបានច្រើនៗ ហាត់ប្រាណបែបស្រាលៗ ហើយដែលសំខាន់នោះ គឺត្រូវបរិភោគអាហារដើម្បីសុខភាពដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែឱ្យបានគ្រប់ចំនួន។
អាហារដែលល្អ និងស័ក្តិសមសម្រាប់អ្នកម្តាយទើបនឹងសម្រាលបុត្រហើយថ្មីៗ អ្នកជំនាញការបានណែនាំថា អ្នកម្តាយគួរតែទទួលទានអាហារដែលឧត្តមសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដូចជា អាហារពពួកសាច់សត្វ ទឹកដោះ សណ្តែកសៀង ស៊ុត បន្លែ និងផ្លែឈើស្រស់គ្រប់ប្រភេទ និងអ្វីដែលសំខាន់នោះ គឺត្រូវបរិភោគអាហារឱ្យបានគ្រប់តាមតម្រូវការរបស់រាងកាយ។ចំណែកអាហារដែលអ្នកម្តាយថ្មីថ្មោងគួរតែតមទទួលទានជាដាច់ខាតនោះគឺ ពពួកអាហារប្រឡាក់ ឬផ្អាប់ អាហារត្រាំ ឬជ្រក់ផ្សេងៗ អាហារដែលមានរសជាតិខ្លាំងៗ (ហឹរ ប្រៃ ឬផ្អែមខ្លាំង) និងអាហារដែលស្ទើរឆ្អិនស្ទើរឆៅ ព្រោះអាហារទាំងនោះអាចហុចផលប៉ះពាល់ទៅដល់ទារក ជាពិសេសចំពោះអ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង ដែលអាចនឹងធ្វើឱ្យទារករាក និងមិនសប្បាយខ្លួនបាន៕