ភ្នំពេញៈ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ស្ថិតនៅក្នុងខេត្តកោះកុង ដែលគ្រោងបោះទុនវិនិយោគតម្លៃ 350លានដុល្លារអាមេរិក បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននិងកំពុងចាប់ផ្តើមឈូសឆាយដី ដើម្បីរៀបចំជាការដ្ឋានហើយ។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង និងវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលមានមូលដ្ឋាននៅប្រទេសចិន។
លោកបន្តថា ព្រលានយន្តហោះនេះមានទំហំដី 750ហិកតា ជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចទទួលការចុះចតយន្តហោះបានពីគ្រប់ទិសទី។ លោកបន្ថែមថា “ព្រលានយន្តហោះនេះអាចចុះចតយន្តហោះប្រភេទ 4C ជាយន្តហោះខ្នាតមធ្យមបាន ប៉ុន្តែតើការសាងសង់ត្រូវបញ្ចប់នៅពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេនៅពេលនេះ”។
លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងឌីហ្សាញគម្រោងប្លង់របស់អាកាសយានដ្ឋាននេះ ប៉ុន្តែការសិក្សាពីបរិស្ថានស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន និងការសាងសង់ស្ថិតក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានលោក ដាញ់ សេរី បានថ្លែងថា ក្រុមហ៊ុននេះបានជួលក្រុមហ៊ុនសិក្សាពីផលប៉ះពាល់បរិស្ថានលំដាប់អន្តរជាតិ ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះ និងត្រូវដាក់ឯកសារមកកាន់ក្រសួង ប៉ុន្តែរហូតមកទល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍សិក្សាស្តីពីផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុននេះនៅឡើយទេ៕