កិច្ចការដ៏សំខាន់មួយសម្រាប់អ្នករស់នៅជាប់បឹងទន្លេសាប គឺការកែច្នៃត្រីស្រស់ទៅជាអាហារទុកបម្រុងដែលអាចរក្សាទុកបរិភោគបានយូរ មានដូចជា ប្រហុក ផ្អក ត្រីឆ្អើរ ហើយត្រីងៀតក៏ជាអាហារបម្រុងដ៏ពេញនិយមមួយដែរ តែកំពង់ចាមជាខេត្តមួយដែលមានដងទន្លេមេគង្គដ៏ធំស្ថិតនៅចំកណ្ដាលដែលក៏ជាជង្រុកត្រីទឹកសាបដ៏ធំមួយដែរនៅប្រទេសកម្ពុជា ហើយស្រុកមួយចំនួននៃខេត្តនេះក៏មានភាពល្បីល្បាញក្នុងការកែច្នៃត្រីស្រស់មិនចាញ់ខេត្តពោធិ៍សាត់ និងច្រើនជាងខេត្តផ្សេងៗទៀតដែលនៅជុំវិញបឹងទន្លេសាបដែរ ហើយខេត្តកំពង់ចាមអាចចាត់ទុកថាជាខេត្តដែលនាំចេញ និងចែកចាយត្រីងៀតធំជាងគេផងដែរក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមឈ្មួញត្រីងៀតធំៗនៅខេត្តកំពង់ចាម អ្នកកែច្នៃផលិតផលត្រីធ្វើជាត្រីងៀតម្នាក់ដែរ គឺលោក សុខ ឃីម ម្ចាស់សិប្បកម្មត្រីងៀតឆ្ងាញ់កំពង់ចាម ស្ថិតនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា លោកបានកែច្នៃ និងប្រកបអាជីវកម្មត្រីងៀតនេះអស់រយៈពេលយូរឆ្នាំមកហើយ តែទើបតែ 3ឆ្នាំចុងក្រោយប៉ុណ្ណោះដែលផលិតផលត្រីងៀតឆ្ងាញ់កំពង់ចាមរបស់លោកទទួលបានចំណាប់អារម្មណ៍ច្រើនពីអតិថិជនក្នុងស្រុក ក៏ដូចជាក្រៅស្រុកដែរ ដោយមានការជាវ និងបញ្ជាទិញជាហូរហែ ដែលធ្វើឱ្យលោកមានគោលដៅនឹងពង្រីកមុខរបរឱ្យមានលក្ខណៈធំជាងនេះទៀត។
លោក សុខ ឃីម បានឱ្យដឹងថា៖“ជាង15ឆ្នាំរហូតដល់ពេលនេះ ដែលកាលដំបូងឡើយ ការកែច្នៃផលិតផលត្រីងៀត ខ្ញុំបានធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ គឺម្តាយរបស់ខ្ញុំជាអ្នកប្រកបរបរនេះតាំងពីដើមរៀងមក។ ទើបតែ 2-3ឆ្នាំចុងក្រោយនេះ អាជីវកម្មត្រីងៀតលក្ខណៈគ្រួសាររបស់ខ្ញុំក៏បានពង្រីកខ្លួនដោយបានធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុកYouTube ពីបច្ចេកទេសនៃការប្រឡាក់ត្រី ការរៀបចំអនាម័យ ប្រសើរជាងអ្វីដែលធ្លាប់បានអនុវត្ត គួបផ្សំ និងប្រវត្តិដែលគ្រួសាររបស់ខ្ញុំបានធ្វើ ទើបធ្វើឱ្យមានការទទួលស្គាល់ច្រើនឡើង ហើយទីផ្សារក៏មានការរីកចម្រើនធំជាងមុនដែរ”។
លោក សុខ ឃីម វ័យ 28ឆ្នាំ ម្ចាស់សិប្បកម្មត្រីងៀតឆ្ងាញ់កំពង់ចាម ក៏បានរំឭកឱ្យដឹងផងដែរថាកាលពីដំបូង ការធ្វើត្រី 1រដូវ គឺមានតែប្រមាណ 200គីឡូក្រាមប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ន ការធ្វើរយៈពេល 1ខែបានជាង 30គីឡូក្រាម ឬក៏2-3ខែអាចបានជាង 90គីឡូក្រាមដែរ។ ឯត្រីដែលយកមកផលិតជាងៀត គឺបាននាំមកពីបឹងទន្លេសាប និងត្រីទន្លេ និងបឹងនៅក្នុងប្រទេសយើង ហើយត្រីងៀតត្រូវបានធ្វើឡើងពីត្រី 3ប្រភេទ គឺត្រីរ៉ស់ ត្រីដៀប និងត្រីឆ្តោ។ ត្រីរស់ត្រូវបានយកពីបែនៅក្នុងទន្លេមានចម្ងាយប្រហែល25គីឡូម៉ែត្រពីផ្ទះរបស់លោក។
លោក សុខ ឃីម បានឱ្យដឹងទៀតថា៖“ការច្នៃត្រីងៀត គឺច្រើនធ្វើចាប់ពីខែធ្នូ រហូតដល់ដើមខែមិថុនា ប៉ុន្តែឥឡូវឱ្យតែមានអ្នកបញ្ជាទិញ គឺយើងត្រូវរៀបចំឱ្យម៉ូយជាបន្ត ដោយត្រីងៀតមួយចំនួនធំត្រូវលក់ទៅម៉ូយនៅភ្នំពេញ ដែលភាគច្រើនយកទៅលក់នៅបុរី ដែលក្នុង1ម៉ូយទទួលយកទៅលក់ប្រមាណ ជា110-120kg ហើយក៏មានមួយចំនួនទៀត នាំទៅខេត្តផ្សេងៗផងដែរ”។
លោកបានបញ្ជាក់ថា៖“នៅឆ្នាំនេះខ្ញុំច្នៃត្រីបានច្រើនជាងការរំពឹងទុក ព្រោះថាការបញ្ជាទិញត្រីរបស់ខ្ញុំមិនត្រឹមតែអ្នកនៅក្នុងស្រុកទេ ក៏មានអ្នកនៅក្រៅស្រុកបានបញ្ជាទិញជាច្រើនគួរសមដែរ។សម្រាប់ការបញ្ជាទិញពីអ្នកនៅក្រៅស្រុក មានអ្នកអាណិកជន ពីប្រទេសអាមេរិក កាណាដា អូស្ត្រាលី អុីតាលី ជប៉ុន និងកូរ៉ ហើយវាក៏ជាទីផ្សារដែលអាចរីកចម្រើននៅពេលខាងមុខបាន”។
លោកបានបញ្ជាក់ថា៖“ខ្ញុំមិនមែនមានតែផលិតផល កែឆ្នៃត្រីងៀតតែមួយមុខទេ ខ្ញុំមានផលិតផលកែឆ្នៃត្រីច្រើនមុខ ព្រោះមានផលិតផលច្រើនដែលបានផលិត។ ផលិតផលត្រីទាំងនោះ រួមមានត្រីងៀតត្រីរ៉ស់ ត្រីងៀតប្រភេទឆ្តោ ត្រីកន្ធរ ត្រីប្រឡាក់ ប្រហុក ផ្អក ត្រីផាត់ និងងៀតគោជាដើម ដែលងៀតគោ ក៏ត្រូវបានគេចាប់ផ្តើមបញ្ជាទិញជាបណ្តើរៗហើយដែរ”។
លោក បាននិយាយបន្តថា បន្ទាប់ពីច្នៃរួច ត្រីងៀតប្រភេទត្រីរ៉ស់ងៀតលោកលក់ចេញក្នុងតម្លៃ1គីឡូក្រាមថ្លៃ6ម៉ឺនរៀល រីឯត្រីដៀបអាចមានតម្លៃថោកជាងបន្តិចបន្តួច ត្រីប្រឡាក់ ផ្សេងទៀតក៏មានតម្លៃផ្សេងៗគ្នាដែរ។ តម្លៃនេះបើគិតទៅលើទីផ្សារមិនជាថ្លៃ លើតម្លៃសិប្បកម្មកែច្នៃដទៃទៀតទេ ដោយសាររបស់យើងមានអនាម័យ និងការទទួលស្គាល់ពីម៉ូយ ដែលពួកគាត់អាចទទួលយកបាន។
លោកសុខ ឃីមបានឱ្យដឹងដែរថាបច្ចុប្បន្នការបញ្ជាទិញ បើគិតជាមធ្យមគឺប្រមាណ 90Kg ក្នុង1 ខែ(90×60,000=5,400,000 (ប្រាំលានបួនសែនរៀលស្មើនឹង1300$)និងមានការបញ្ជាទិញថ្មី ពីផ្សារ ធម្មជាតិនៅភ្នំពេញចំនួន150-200kgផងដែរ។ នេះគ្រាន់តែ ជាការគិត ត្រឹមតែផលិតផល កែឆ្នៃត្រីងៀតត្រីរ៉ស់មួយមុខទេ នៅមានផលិតផលកែច្ចៃជាច្រើនមុខទៀត។
ចំពោះការបញ្ជាទិញទៅក្រៅប្រទេសវិញ លោកសុខ ឃីមបានឱ្យដឹងថា៖“ខ្ញុំទទួលបានការបញ្ជាទិញទៅកាន់សហរដ្ឋអាមេរិក កាណាដាប្រមាណជា30-40Kg ដែលក្នុង1ម្ចាស់ប្រមាណជា10kg ហើយ ក្នុង1kg ខ្ញុំលក់បានតម្លៃ18$ តែតម្លៃផ្ញើតាមប្រៃសណីយ៍កម្ពុជា អ្នកបញ្ជាទិញគេជាអ្នកចំណាយ។ បើគិតទៅ ត្រីត្រឹម5Kgត្រូវចំណាយប្រហែលជា200$។ ពោលគឺបើគិតជាមធ្យមត្រី1kgអាចមានតម្លៃ45$”។
លោកបានរៀបរាប់អំពីរបៀបធ្វើត្រីងៀតដូចតទៅ៖ បន្ទាប់ពីប្រឡាក់អំបិល និងស្កររួច ត្រីនោះត្រូវហាលថ្ងៃរយៈពេល 2ថ្ងៃកន្លះ ទៅ3ថ្ងៃ។ លោកពន្យល់ថា ត្រីងៀតមិនព្រួយបារម្ភថាមានមេរោគទេ ព្រោះមុនបរិភោគត្រូវចម្អិន។ រូបមន្តធ្វើត្រីងៀតស្តង់ដារ ឆ្ងាញ់ត្រូវប្រើគ្រឿងផ្សំ៖ត្រីរ៉ស់ធម្មជាតិ ធ្វើស្អាតវះជាបន្ទះៗចំនួន10គីឡូក្រាមត្រូវប្រើអំបិល350g និងស្ករ800g(ប៊ីចេង1ចឹបដាក់ក៏បាន មិនដាក់ក៏បាន)។ ពេលធ្វើត្រូវលាងត្រីទុកឱ្យស្រស់ទឹក រួចដាក់ចូលចានដែកធំមួយ រួចយកអំបិលលាយជាមួយស្ករ និងប៊ីចេងរួចយកល្បាយអំបិលនោះមកចាក់លើសាច់ត្រីច្របល់ច្របាច់ ប្រឡាក់វាចូលគ្នារហូតដល់វាចេញទឹករួចបន្តច្របាច់ឱ្យសព្វសាច់ត្រីរហូតដល់ទឹកវាឡើងខាប់ស្អិត សឹមឈប់រួចយកត្រីនោះទៅក្លាស្សេក្នុងទូត្រជាក់ ឱ្យសាច់ត្រីត្រជាក់ស្រឹប សឹមលើកវាហាលថ្ងៃពេលមេឃកំពុងក្តៅខ្លាំង ល្ងាចសាវាទុក ព្រឹកលើកវាហាលជាបន្តទៀត ហាល2-3ថ្ងៃឱ្យល្មមវាក្រៀមល្អ សឹមឈប់ហាល។ត្រូវរក្សាត្រីងៀតក្នុងកន្លែងត្រជាក់តែស្ងួតល្អ។គេអាចទទួលទានត្រីងៀតអាំង ឬចៀនជាមួយបាយស បបរស ឬអាំងវាបុកធ្វើសាច់ត្រីផាត់ ច្រកក្រឡទុកទទួលទាន ឬច្នៃវាធ្វើជាម្ហូបផ្សេងៗទៀតនៅពេលក្រោយ។
លោកសុខ ឃីមបានបញ្ជាក់ពីគោលបំណងរបស់លោកថា៖“ខ្ញុំគិតថា នឹងពង្រីកការកែច្នៃសិប្បកម្មត្រីងៀតរបស់ខ្ញុំឱ្យធំជាងនេះ ព្រោះបច្ចុប្បន្នវានៅជាលក្ខណៈគ្រួសារនៅឡើយ។ ខ្ញុំនឹងបង្កើតShopតូចមួយនៅភ្នំពេញ ងាយស្រួលនឹងធ្វើការចែកចាយទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុកដើម្បីសម្របសម្រួលកិច្ចការ ដែលមានការបញ្ជាទិញកាន់តែច្រើនឡើង និងអាចបង្កើនបុគ្គលិកផងដែរសម្រាប់អាជីវកម្មរបស់ខ្ញុំ”៕