ក្រោយផ្ទុះរឿងឌឺដងផ្លែផ្កាគ្នារវាងលោក ថៃ នរៈសត្យា និង អ្នកនិពន្ធ ងិន ម៉ានីយ៉ា នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងកក្រើកនាពេលកន្លងទៅថ្មីៗនេះ ស្រាប់តែគេមើលឃើញថា អតីតហ្រ្វេសស៊ី ថៃ នារីសុជាតា ដែលត្រូវជាកូនស្រីរបស់អ្នកទាំងពីរ បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗក្រោយពីឆ្លងថ្ងៃខួបកំនើតរបស់ខ្លួនបានប៉ុន្មានថ្ងៃ ។ មុនចូលមន្ទីរពេទ្យប៉ុន្មានថ្ងៃ ថៃ នារីសុជាតា ទើបរៀបចំពិធីខួបកំណើតយ៉ាងរីករាយដោយមានការចូលរួមជូនពរពីសំណាក់ក្រុមគ្រួសារ និង មិត្តភក្តិជាច្រើនផងដែរ។
នៅថ្ងៃទី 22 ខែមិថុនា នេះ ថៃ នារីសុជាតា បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងស្ថានភាពគេងនៅក្នុងមន្ទីរពេទ្យដោយ រូបខ្លះថែមទាំងកំពុងជិះរទេះដែលមើលទៅគួរឱ្យអាណិតផងដែរ ។ ក្នុងនោះក៏មានសួរនាំដល់ ថៃ នារីសុជាតា ថាមានជំងឺអ្វីបានជាគេងពេទ្យបែបនេះ ហើយមិត្តភក្តិខ្លះក៏បានលើកទឹកចិត្តនិងជូនពរដល់ស្រីស្អាតនេះឱ្យរឹងមាំ និង ឆាប់ជាសះស្បើយ ។
ថៃ នារីសុជាតា មិនបានប្រាប់ថាមានជម្ងឺអ្វីទេគ្រាន់តែបង្ហោះសារខ្លីថា « សប្បាយ ចិត្តទេ ? សម្ពាធឈាមឡើងខ្ពស់...» ។ មានការលើកឡើងពីអ្នកលេងបណ្ដាញសង្គមថាប៉ុន្មានថ្ងៃនេះ ថៃ នារីសុជាតា មានការប៉ះពាល់ផ្លូវចិត្តខ្លាំង ព្រោះឪពុកម្តាយរបស់នាងដែលបានចែកផ្លូវគ្នារាប់ឆ្នាំទៅហើយនោះបានទម្លាយរឿងរ៉ាវ ផិតក្បត់ជាច្រើនទៅវិញទៅមក ហើយដែលពេលនេះលោក ថៃ នរៈសត្យា ជាឪពុកក៏បានបញ្ចប់តំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកាលពីថ្ងៃទី 19 កន្លងទៅ ។
ហើយនៅថ្ងៃទី 25 មិថុនា ម្សិលមិញនេះ ថៃ នារីសុជាតា បានបង្ហោះសារម្ដងទៀតថា «អរគុណប៉ាដែលបានមកសួរសុខទុក្ខកូន» ដែលនាងចង់ប្រាប់អ្នកគាំទ្រថា ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឪពុករបស់នាងនៅតែបារម្ភ និងស្រឡាញ់ស្រីម្នាក់នេះផងដែរ៕