ឆៃប៉ូវ គឺជាអាហារគួបផ្សំមួយប្រភេទ ដែលត្រូវបានច្នៃចេញពីមើមឆៃថាវ និងអាចរក្សាទុកបានយូរ ដែលភាគច្រើនបងប្អូនខ្មែរយើង ដែលកាត់សែស្រឡាយចិនចូលចិត្តធ្វើទុកដើម្បីទទួលទានបានយូរ វាដូចគ្នានឹងប្រហុកផ្អករបស់ខ្មែរយើងដែរ ជាពិសេសគឺទទួលទានជាមួយបបរសនៅពេលព្រឹកតែម្តង។
អ្នកស្រី ឡាយ គឹមឈន ជាអ្នកលក់ឆៃប៉ូវម្នាក់ក្នុងចំណោមអ្នកលក់ឆៃប៉ូវជាច្រើននៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា អ្នកស្រីបានប្រកបមុខរបរនេះជាង 10ឆ្នាំមកហើយ ឆៃប៉ូវដែលលក់នេះ គឺមិនបានទទួលយកពីគេមកលក់បន្តនោះទេ គឺធ្វើដោយខ្លួនឯង ព្រោះចេះធ្វើតៗគ្នាពីឪពុកម្តាយមក ហើយអ្នកនៅទីនេះក៏ដូចគ្នាដែរ គឺក្រៅពីដាក់លក់រាយនៅមុខផ្ទះហើយ នៅបានលក់បោះដុំទៅឱ្យម៉ូយទូទាំង 25រាជធានី-ខេត្តទូទាំងប្រទេស និងបោះឱ្យម៉ូយនៅក្រៅប្រទេសទៀតផង។
អ្នកស្រីបានបន្ថែមថា វត្ថុធាតុដើមដែលយើងយកមកធ្វើជាឆៃប៉ូវ ជាចម្បងគឺមើមឆៃថាវ អំបិល និងស្ករ ហើយឆៃថាវខែនេះគឺទិញមកពីស្រុកសំឡូត ខេត្តបាត់ដំបង បើខែកញ្ញាដល់ខែតុលាយើងនាំយកមកពីខេត្តកំពង់ចាម ខេត្តតាកែវ ហើយក៏ទិញនៅក្នុងស្រុកស្អាងកោះធំ ក្នុងខេត្តកណ្តាលនេះមួយចំនួនដែរ។
ចំណែកឯអ្នកលក់ម្នាក់ទៀតនៅភូមិព្រែកស្នាយ ជាប់ភូមិព្រែកស្នងដែរនោះ គឺលោកហេង ចំរើន បានប្រាប់ឱ្យដឹងស្រដៀងគ្នាដែរថា លោកក៏ធ្វើឆៃប៉ូវនេះលក់ជិត 10ឆ្នាំមកហើយដែរបន្តពីឪពុកម្តាយ។ អ្នកលក់ម្នាក់នេះបាននិយាយថា នៅម្តុំនេះគឺមានអ្នកប្រកបរបរធ្វើឆៃប៉ូវលក់នេះប្រមាណ70% ហើយឆៃប៉ូវគឺ មាន3ប្រភេទ គឺឆៃប៉ូវប្រៃ ឆៃប៉ូវផ្អែម និងឆៃប៉ូវជូរ ហើយបើលក់រាយនៅផ្ទះក្នុង 1ថ្ងៃៗបានប្រមាណជាជាង 200គីឡូក្រាមដែរ ក្រៅពីនោះនៅលក់បោះដុំទៅតាមបណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញទៀតផង។
អ្នកលក់រូបនេះបានប្រាប់ដែរថា សម្រាប់ឆៃប៉ូវផ្អែមបើលក់រាយ 1គីឡូក្រាម 4,000រៀល តែបើបោះដុំ 1គីឡូក្រាមត្រឹមតែ 3,800រៀលប៉ុណ្ណោះ ចំណែកឯឆៃប៉ូវជូរបោះដុំឱ្យម៉ូយ 1គីឡូក្រាម 7,000រៀល និងលក់រាយ 1,0000រៀលក្នុង1គីឡូក្រាម ហើយបើឆៃប៉ូវប្រៃស្ងួតវិញ 1គីឡូក្រាម 3,000រៀល និងសើម 2,000រៀលក្នុង1គីឡូក្រាម។ ក្រៅអំពីម៉ូយក្នុងស្រុក និងអ្នកដំណើរដែលឆ្លងកាត់តាមផ្លូវជាតិលេខ 21 នេះហើយ ក៏នៅមានបងប្អូនមួយចំនួននៅតាមបណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញដែរ គឺតែងមកកុម៉្មង់ទិញដើម្បីយកទៅផ្ញើបងប្អូននៅបរទេសជារឿយៗ ផងដែរ ដែលទិញម្តងៗមិនតិចជាង 50ទៅ 100គីឡូក្រាមនោះទេ ព្រោះតែឆៃប៉ូវនៅទីនេះយើងធ្វើតាមគោលការណ៍ធម្មជាតិ មិនប្រើសារធាតុគីមីនោះទេ ហើយជាធម្មតាឆៃប៉ូវផ្អែមគឺអាចរក្សាទុកបានពី 2ទៅ3ខែ ចំណែកឯអាប្រៃវិញទុកបានរហូតដល់1ឆ្នាំឯណោះ។
អ្នកដំណើរ សេង រ៉ូហ្សា រស់នៅរាជធានីភ្នំពេញដែលបានឈប់រថយន្តទិញឆៃប៉ូវ បានប្រាប់ថា រៀងរាល់ពេលដែលអ្នកស្រីបានមកលេងនៅស្រុកស្អាងនេះ អ្នកស្រីតែងឈប់ទិញឆៃប៉ូវនៅព្រែកស្នាយ និងព្រែកស្នងនេះយកទៅទុកហូបមិនដែលខានឡើយ។ មិនតែប៉ុណ្ណោះនៅឆ្លៀតទិញយកទៅចែកបងប្អូន និងផ្ញើទៅសាច់ញាតិនៅឯបរទេសទៀតផង ព្រោះឆៃប៉ូវនៅទីនេះឆ្ងាញ់ និងមិនប្រើថ្នាំគីមីនាំឱ្យប៉ះពាល់សុខភាពនោះទេ៕