ខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah នឹងក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jurgen Klopp ក្នុងរដូវក្តៅនេះ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះ បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេស ដើម្បីត្រួតពិនិត្យសុខភាពកាលពីថ្ងៃអង្គារ។
Salah របស់ក្លិបអ៊ីតាលី Roma អាចនឹងក្លាយជាកីឡាករទីមួយក្នុងចំណោមកីឡាករចំណូលថ្មីទាំង 7នាក់ ដែលនឹងត្រូវទៅចូលរួមនៅកីឡដ្ឋាន Anfield ក្នុងការព្រមព្រៀងគ្នាមួយដែលមានតម្លៃខ្លួនជាបឋមចំនួន 35លានផោន (ស្មើនឹង 44.2លានដុល្លារអាមេរិក) បើទោះបីតម្លៃខ្លួននោះអាចនឹងកើនឡើង បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗក៏ដោយ។ ខ្សែបម្រើអន្តរជាតិអេហ្ស៊ីបវ័យ 24ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី15គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន 11គ្រាប់ផ្សេងទៀត ខណៈដែលក្រុម Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2ក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ ហើយការផ្ទេរនេះ នឹងធ្វើឲ្យរូបគេវិលទៅកាន់អង់គ្លេសវិញ ក្រោយពីបានចំណាយពេលមួយរយៈខ្លីក្នុងក្លិប Chelsea នៅចន្លោះឆ្នាំ2014 និងឆ្នាំ2016 ដោយកាលនោះរូបគេបានបង្ហាញខ្លួនត្រឹមតែ 19ប្រកួតប៉ុណ្ណោះ។
Salah បានយល់ព្រមទៅលើការព្រមព្រៀងគ្នាមួយ ដែលនឹងធ្វើឲ្យរូបគេទទួលបានប្រាក់ចំណូលគុណនឹង 2ដងពោលគឺប្រមាណជា9ម៉ឺនផោន (ស្មើនឹង11.4ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។
ខ្សែការពារ Virgil van Dijk របស់ក្លិប Southampton គឺជាគោលដៅទីមួយរបស់លោក Klopp ប៉ុន្តែ ក្រុមហង្សក្រហមបានបង្ខំចិត្តបោះបង់ការចាប់អារម្មណ៍របស់ពួកគេចោល ក្រោយពីក្លិប Southampton បានប្តឹងតវ៉ាប្រឆាំងនឹង Liverpool ទាក់ទងនឹងការដាក់សំណើមិនស្របច្បាប់៕
ប្រភពពី៖ Independent