គ្រាន់តែ MV មិនទាន់ចេញបានស្រួលបួលប៉ុន្មានផង ស្រាប់តែអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក ម្នាក់មានឈ្មោះថា ភី ណាត់ បានចូលទៅបញ្ចេញមតិក្នុងទំព័រផ្លូវការរបស់ V Studio ចំពោះវីដេអូបទចម្រៀងដែលមានចំណងជើងថា «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ហេតុអ្វីបានជាចម្លងប្លង់ពីបរទេស ព្រមទាំងបង្ហោះរូបភាពកាត់តបទបរទេសចំនួន 4 សន្លឹកជាមួយបទនេះថែមទៀតផង។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថាបទចម្រៀង «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ដែលបកស្រាយដោយក្រុមតន្រ្តី Mustache Band ដែលទើបតែចេញវីដេអូចម្រៀងជាផ្លូវការ ក៏ប៉ុន្ដែឃើញមានប្លង់ថតមួយចំនួនស្រដៀងនឹងបទ «Be Together» ច្រៀងដោយ Major Lazer feat. Wild Belle ដែលនេះហើយជាការរិះគន់មួយបានធ្វើឱ្យមានការពន្យល់ពីអ្នកដឹកនាំសម្ដែងវីដេអូចម្រៀងខាងលើ។
ទន្ទឹមគ្នានោះដែរ ខាង V Studio បានឆ្លើយតបនៅក្នុងគេហទំព័ររបស់ខ្លួនថា “សូមអរគុណច្រើនដែលចោទជាសំណួរក្នុងបញ្ហានេះ។ អ្វីដែលអ្នកបានឃើញនេះ គឺគ្រាន់តែជាវិឌីអូរយៈពេលខ្លីរបស់បទចម្រៀងដែលមានរយៈពេលត្រឹមតែ 55 វិនាទីនៃបទចម្រៀងទាំងមូលតែប៉ុណ្ណោះ។ អ្វីដែលក្រុមការងារយើងខិតខំប្រឹងប្រែងធ្វើនេះគឺដើម្បីធ្វើឱ្យទទួលបាននូវការផលិតដែលល្អឥតខ្ចោះមួយជាមួយនឹងគំនិត ទីតាំង ប្លង់ និង សាច់រឿងដែលមិនធ្លាប់មាននៅក្នុងប្រទេសយើង ដែលជាផ្នែកមួយក្នុងការលើកតម្កើងស្នាដៃក្នុងស្រុកផងដែរ។ ក្រុមការងារយើងសង្ឃឹមថា ភី ណាត់ នឹងយល់អំពីបញ្ហានេះជាជាងវាយតម្លៃ និង សន្និដ្ឋានតាមរយៈពាក្យចចាមអារ៉ាមដែលឃើញត្រឹមតែរូបភាពទាំង4នេះ។ សូមតាមដាននៅលើផេចរបស់យើងជាបន្តដើម្បីដឹងពីការចេញនូវវីឌីអូពេញនៃបទចម្រៀងនេះ”។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចម្រៀងទាំងមូលខាងក្រោមនេះ ៖ MV “ប្រុសម្នាក់នេះសំខាន់នៅពេលណា ” ចម្លងប្លង់បរទេស៖