ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 17ឆ្នាំ និងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម 17ឆ្នាំ សុទ្ធសឹងប្តេជ្ញាថា នឹងប្រឹងឲ្យអស់ពីលទ្ធភាពដូចគ្នា នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះចាប់ពីម៉ោង 6:30ល្ងាចតទៅ។ នេះបើយោងទៅតាមការបញ្ជាក់ពីគ្រូបង្វឹកនៃក្រុមទាំងពីរកាលពីថ្ងៃម្សិលមិញ។
នៅមុនពេលការប្រកួតមិត្តភាពអន្តរជាតិនៅល្ងាចនេះ ដើម្បីអបអរដល់ខួបទី 50ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ទាំងលោក Inoue Kazunori គ្រូបង្វឹករបស់កម្ពុជា និងលោក Dinh The Nam គ្រូបង្វឹករបស់វៀតណាម បានអះអាងដូចគ្នាថា លោកនឹងប្រើប្រាស់ក្រុមជម្រើសដំបូងដែលប្រជុំដោយកីឡាករឆ្នើមៗ បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។
គ្រូបង្វឹកសញ្ជាតិជប៉ុន Kazunori របស់ក្រុមកម្ពុជា អាយុក្រោម 17ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា៖ «ពិតណាស់ យើងត្រៀមលក្ខណៈរួចរាល់ហើយថា យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។ យើងនឹងប្រើប្រាស់កីឡាករខ្លាំងៗដើម្បីសាកល្បងទៅលើកម្រិតការលេងរបស់យើង»។
ជាមួយគ្នានេះដែរ លោក Dinh The Nam គ្រូបង្វឹករបស់ក្រុមវៀតណាមអាយុក្រោម17ឆ្នាំ ក៏បានអះអាងក្នុងសន្និសីទសារព័ត៌មានដូចគ្នាផងដែរថា៖ «យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង។ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង ហើយជាការរំពឹងទុក ក្រុមទាំងពីរនឹងបង្ហាញពីទម្រង់លេងយ៉ាងល្អ ក៏ដូចជាការផ្តល់ភាពរំភើបដល់អ្នកគាំទ្រទាំងអស់ដែរ»។
ក្រុមទាំងពីរធ្លាប់បានជួបគ្នាមួយលើករួចមកហើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-16 Youth Championship ឆ្នាំ2016 ដោយកាលនោះកម្ពុជាU16 បានចាញ់នៅលើទឹកដីខ្លួនក្នុងលទ្ធផល 1-០៕