ក្រសួងកសិកម្ម បាននឹងកំពុងតែខិតខំធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកនូវការនាំចេញឱ្យបានច្រើនថែមទៀតជាមួយភាគីចិន ក្នុងការជំរុញការ-នាំចេញផលិតផលកសិកម្ម និងកំពុងចរចាជាមួយភាគីចិន ដើម្បីធ្វើយ៉ាងណា សម្រេចឱ្យបាននូវការនាំចេញត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន នៅពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖“លោកបានពិភាក្សា អំពីការនាំយកផលិតផលកសិកម្មផ្សេងទៀត និងការនាំចេញត្រីប្រា ពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកិច្ចការនេះលោកបានធ្វើនៅក្នុងជំនួបជាមួយលោក Hu Wei អនុ រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន”។
សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាឯកឧត្តមវេង សាខុន ក្នុងជំនួបជាមួយអនុរដ្ឋ មន្ត្រីនៃអគ្គរដ្ឋបាលគយចិន ឯកឧត្តមបានស្នើ ឱ្យភាគីចិនពន្លឿនការនាំចេញផ្លែស្វាយ និងកសិផល មួយចំនួនទៀតដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឱ្យបានឆាប់រហ័ស។
ឯកឧត្តម វេង សាខុន បានបន្ថែមថា ចំពោះបែបបទនៃការស្នើសុំអនុញ្ញាត នាំចេញផលិត កសិកម្មកម្ពុជាទៅកាន់ប្រទេសចិន ភាគីចិនតម្រូវដាក់ម្តងមួយមុខៗ មិនតម្រូវឱ្យដាក់ជាកញ្ចប់ នោះ ឡើយ។ ឯកឧត្តម បញ្ជាក់ថា៖“ភាគីចិនបានលើកឡើងថា ប្រសិនបើកម្ពុជាចង់នាំចេញផលិតផលអ្វី ត្រូវស្នើជាមុនសិន ដើម្បីឱ្យមន្ត្រីរបស់ចិនចុះត្រួតពិនិត្យ។ដូច្នេះខាងភាគីចិន នឹងចុះមកមើលលើ នីតិ វិធីការចិញ្ចឹមត្រី ត្រួតពិនិត្យប្រភេទត្រី ដែលត្រូវចិញ្ចឹមនីមួយៗ ដើម្បីយកមកវេចខ្ចប់ និងធ្វើម្ដងមួយៗ ដោយធ្វើតាមវិធានរបស់គេ”។
ឯកឧត្តម បន្ដថា កន្លងមកកម្ពុជាបានធ្វើលិខិតជាច្រើន តាមរយៈក្រសួងការបរទេសផ្ញើទៅកាន់ប្រទេសចិនប៉ុន្ដែលិខិតនេះដាក់ទៅមិនបានទៅដល់ស្ថាប័នដែលទទួលខុសត្រូវក្នុងការអនុញ្ញាត ឱ្យនាំចូលត្រីនេះឡើយ។
ឯកឧត្តម បានបញ្ជាក់ថា៖“លោកអនុរដ្ឋមន្ដ្រីរដ្ឋបាលគយ បានផ្តល់លេខទូរស័ព្ទទំនាក់ទំនង ដើម្បីយើងនឹងធ្វើការទំនាក់ទំនងផ្ទាល់ ទៅកាន់អ្នកដែលទទួលការងារនេះរបស់ភាគីចិនដោយលោកអនុរដ្ឋមន្ដ្រីបានប្រាប់ថា ពេលគាត់ត្រឡប់ទៅវិញ សង្ឃឹមថាកិច្ចការនេះ នឹងទទួលបានជោគជ័យ ព្រោះគាត់បានណែនាំដល់មន្ដ្រី ដែលទទួលបន្ទុកការងារនេះ រួចហើយ ឱ្យសហការជាមួយរដ្ឋបាលជលផលកម្ពុជា”។
ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថាចំពោះការនាំចេញត្រីទៅកាន់ប្រទេសចិននេះ នៅកម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយដែលមានក្រុមហ៊ុនមួយរបស់ចិនបានរៀបចំរោងចក្រកែច្នៃ និងវេចខ្ចប់ រៀបចំឃ្លាំងត្រជាក់ និងផ្សារភ្ជាប់ជាមួយកសិដ្ឋានចិញ្ចឹមត្រីប្រានៅកម្ពុជាមួយចំនួនទៀត។
ឯកឧត្តមបានអះអាងថា៖“ចំពោះឧបសគ្គសម្រាប់ការនាំចេញត្រីនេះ ពុំមានឧបសគ្គអ្វីគួរឱ្យ បារម្ភទេ ព្រោះភាគីអគ្គរដ្ឋបាលគយចិន បានឯកភាពគ្នារួចហើយ គឺកម្ពុជាអាចនាំត្រីចេញបាន ព្រោះមានដៃគូល្អ និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់ ដូច្នេះការនាំចេញនេះ នឹងប្រព្រឹត្តទៅដោយរលូន។ ព្រោះក្រុមហ៊ុនដែលវិនិយោគនាំចេញត្រី គឺសុទ្ធតែមានបទពិសោធនាំចេញសាច់គោ ក៏ដូចជាផលិតផលកសិកម្មមួយចំនួនទៀតផងដែរ”។
តែទោះជាយ៉ាងណាចំពោះទំហំនៃការនាំចេញត្រីទៅកាន់ប្រទេសចិន មិនទាន់អាចកំណត់បានឡើយថានឹងនាំចេញប៉ុន្មានតោននោះទេ ព្រោះពេលនេះកសិករមិនសូវហ៊ានពង្រីកការចិញ្ចឹមត្រី ដោយសារមានបញ្ហាប្រឈមលើទីផ្សារ។ ប៉ុន្ដែឯកឧត្តមបានបញ្ជាក់ថា ឱ្យតែមានភ្លើងខៀវពីប្រទេសចិនការចិញ្ចឹមត្រីរបស់កម្ពុជានឹងអាចកើតឡើង។ ដូច្នេះប្រសិនបើយើងមានទីផ្សារ យើងនឹងឈានដល់ការពង្រីកកសិដ្ឋានធំៗបន្ថែមទៀត និងបង្កើននូវការនាំចេញត្រី។
ពាក់ព័ន្ធនឹងការនាំចេញត្រីប្រានេះដែរ នៅប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម បានធ្វើការនាំចេញ ក្នុង1ឆ្នាំៗរហូតដល់ជាង8ពាន់លានដុល្លារ ទៅកាន់ទីផ្សារពិភពលោក។ហេតុដែល វៀតណាម មានលទ្ធភាពនាំចេញបានច្រើននេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ដោយសារវៀតណាម មានស្ថានភាពល្អក្នុងការចិញ្ចឹមត្រី ហើយនៅវៀតណាមថ្លៃភ្លើងថោក ដែលចិញ្ចឹមត្រីទៅមានលក្ខណៈងាយស្រួល ក្នុងការកែច្នៃ ក្លាសេ្សមុននាំចេញ ហើយកំពង់-ផែ ក៏មានលទ្ធភាពល្អប្រសើរ។
ឯកឧត្តមវេង សាខុនក៏បានបញ្ជាក់ទៀតថា៖“តាមសេចក្ដីរាយការណ៍ របស់អ្នកនាំចេញផលិតផលផ្លែចេកនៅកម្ពុជា បានត្អូញត្អែរថា ការដឹកជញ្ជូន1កុងតឺន័រ តម្លៃប្រហែល1ពាន់ដុល្លារ ហើយការចំណាយពេលប្រមាណ2សប្ដាហ៍ ទើបបញ្ជូនដល់ទីក្រុងសៀងហៃ”។
ដូច្នេះយើងត្រូវការទាំងពេលវេលា និងថវិកាច្រើននេះជាចំណុចដែលធ្វើឱ្យអ្នកវិនិយោគរារែកចិត្ត ដែលយើងកំពុងខិតខំប្រឹងប្រែងថា ធ្វើម៉េចបន្ទាបតម្លៃសេវាផ្គត់ផ្គង់ ដល់ផលិតផលកែច្នៃ របស់យើងនៅពេលខាងមុខ។
ឯកឧត្តមបានលើកឡើងថា ក្រៅពីការនាំចេញត្រី ភាគីចិនពេញចិត្ត ផ្លែម្នាស់ទឹកឃ្មុំ និងផ្លែទុរេន ប្រសិនបើកម្ពុជាពង្រីកលើការនាំចេញ ភាគីចិនពេញចិត្តទទួលយក ព្រោះល្បីថា ម្នាស់ទឹកឃ្មុំដែលដាំដុះនៅខេត្តប៉ៃលិន និងបាត់ដំបងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក្នុង1ឆ្នាំៗប្រទេសចិនបាននាំចូលផ្លែឈើ មិនតិចជាង10លានតោនទេពីកម្ពុជា៕