ស្បូនជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់មនុស្សស្រីយើង វាជាទីតាំងបង្កកំណើតដែលអាចឱ្យស្ត្រីយើងរក្សាទារកក្នុងផ្ទៃឱ្យលូតលាស់ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែប្រសិនបើស្បូនមានបញ្ហានោះ ឱកាសនៃការធ្វើជាអ្នកម្តាយ ដែលស្ត្រីភាគច្រើនតែងប្រាថ្នាចង់បាននោះ ក៏នឹងត្រូវរលាយបាត់ទៅវិញដែរ។ ហេតុដូច្នេះហើយទើបការមើលថែទាំស្បូនឱ្យគេចផុតពីជំងឺមហារីកគឺជារឿងចាំបាច់បំផុតដែលស្ត្រីគ្រប់រូបមិនគួរមើលរំលង។ ជំងឺមហារីកស្បូនមានច្រើនប្រភេទច្រើនយ៉ាង ហើយអ្នកក៏មិនអាចដឹងដោយខ្លួនឯងបានដែរថា តើអ្នកកំពុងប្រឈមនឹងជំងឺប្រភេទនេះដែរ ឬអត់។ មហារីកស្បូនមិនមែនចេះតែកើតមានចំពោះស្ត្រីគ្រប់គ្នានោះទេ គឺវាអាចកើតឡើងតាមរយៈលក្ខខណ្ឌផ្សេងៗគ្នា ហើយខាងក្រោមនេះគឺជាមូលហេតុតូចៗដែលអាចរួមផ្សំចូលគ្នា ហើយបង្កឱ្យក្លាយជាជំងឺមហារីកដែលស្ត្រីគ្រប់រូបគួរប្រុងប្រយ័ត្ន ៖1. ធាត់ខ្លាំង មានជាតិខ្លាញ់លើសកំណត់
2. ជំងឺទឹកនោមផ្អែម
3. លើសឈាម
4. ស្ត្រីដែលមានរដូវមិនទៀងទាត់(ម្តងមានម្តងរាំង)
5. ឆាប់មានរដូវពេក ហើយក៏ឆាប់បាត់រដូវពេក
6. ស្ត្រីអារ(ស្ត្រីដែលមិនអាចមានកូន)
7. ស្ថានភាពអូវ៉ែអ្នកជំងឺមានពកច្រើន
8. អ្នកមានជំងឺមហារីកអូវ៉ែ
9. ស្ត្រីដែលប្រើប្រាស់ Estrogen
អ្នកជំនាញតែងណែនាំឱ្យអ្នកទៅពិនិត្យតាមដានរកជំងឺនេះរាល់12ខែម្តង។ ដូច្នេះបើទោះជាអ្នកធ្លាប់បានពិនិត្យម្តង ឬពីរដងរួចទៅហើយក្តីនិងទទួលបាននូវលទ្ធផលល្អជាធម្មតាក៏មិនមែនមានន័យថា អ្នកអាចគេចផុតពីជំងឺនេះមួយជីវិតដែរ។ ដូច្នេះការទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមើលជំងឺមហារីកស្បូនរៀងរាល់12ខែម្តង គឺគួរតែអនុវត្តឱ្យបានទៀងទាត់ ហើយបើអ្នកក៏ជាមនុស្សម្នាក់ដែលមានផ្ទុកនូវចំណុចមួយចំនួនដូចរៀបរាប់ខាងលើទៀតនោះគឺរឹតតែត្រូវប្រុងប្រយ័ត្នទៅទៀត៕