នៅពេលគិតដល់ចង្វាក់ផលិតកម្មដ៏ច្រើនសម្បើម និងសម្បូរបែប ក្រុមហ៊ុនធំៗតែងតែងាកទៅរកចិនមុនគេ ព្រោះតែតម្លៃពលកម្មធូរថ្លៃ និងមានមនុស្សច្រើនសម្រាប់បម្រើការក្នុងរោងចក្រនីមួយៗ រហូតដល់បានបណ្ដាក់ទុនរកស៊ីជាមួយចិនរាប់សិបកោដិលានដុល្លាររួចទៅហើយ។
យោងតាមប្រភពព័ត៌មានចេញផ្សាយដោយ The Wall Street Journal បានឱ្យដឹងថា ប្រការនេះហើយបានធ្វើឱ្យកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកអាចនឹងទាមទារ ឬបង្កើតច្បាប់ថ្មីទាក់ទងនឹងឧបករណ៍ណា (គាំទ្រ 5G) ប្រើជាមួយ5Gបាន ត្រូវតែផលិតនៅប្រទេសណាមួយផ្សេង ក្រៅពីចិន ដែលអាមេរិកធ្លាប់បានលើកឡើងថា ផលិតផលបច្ចេកវិទ្យា 5G របស់ចិនមិនមានសុវត្ថិភាព ឬជាស្ពានក្នុងការលួចព័ត៌មាននានាពីអ្នកប្រើប្រាស់ ឧទាហរណ៍ដូចការចោទប្រកាន់ទៅលើ 5G របស់ក្រុមហ៊ុន Huawei ជាដើម។
ក្រោយក្រុមហ៊ុនHuawei បានប្រកាសចេញបច្ចេកវិទ្យា 5G មុនសហរដ្ឋអាមេរិក ធ្វើឱ្យក្រុមហ៊ុនធំៗងាកទៅចិនយ៉ាងច្រើនសន្ធឹក (អាមេរិកទិញចូលច្រើន នាំចេញតិច) បណ្ដាលឱ្យកើតមានជម្លោះ ឬសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន រហូតដល់ក្រុមហ៊ុន Google អាមេរិកសម្រេចចិត្តបិទផ្លូវ Huawei ដោយមិនឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Android បានតទៅទៀត ខណៈដែលក្រុមហ៊ុនជាច្រើននៅអាមេរិកត្រូវសម្រេចចិត្តបិទផ្លូវរកស៊ីជាមួយចិនដែរ។
ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ចិនជាប្រទេសមួយដែលមានកម្មករ ក៏ដូចជា មានធនធានច្រើនដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនានា រួមទាំងឧបករណ៍ដែលអាចគាំទ្របច្ចេកវិទ្យា 5G បានផងដែរ។