ភ្នំពេញៈ សាជីវកម្មធំមួយដែលមានមូលដ្ឋាននៅប្រទេសចិន បានបង្ហាញពីបំណងធ្វើការវិនិយោគលើវិស័យថាមពលស្អាត និងសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ជាការវិនិយោគមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការអភិវឌ្ឍនៅកម្ពុជា។
លោក វ៉ាង ជីនហ្វេង អនុប្រធានសាជីវកម្មវិស្វកម្ម ZhengYuan នៃក្រុមហ៊ុន CNNC របស់ចិនបានជម្រាបនូវព័ត៌មាននេះជូនដល់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែទទួលជួបថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនចិនក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់នូវទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។
លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុននឹងសហការជាមួយក្រុមហ៊ុននៅកម្ពុជាសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងវិនិយោគដ៏ធំនេះ និងបានជម្រាបសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគមកពីប្រទេសមហាមិត្តចិន ដោយស្វាគមន៍រាល់ការមកចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងត្រៀមជួយដល់ការមកធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសផ្នែកសុខាភិបាល ដែលនឹងជួយដល់ប្រជាជនកម្ពុជាទាំងមូល៕