ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានចុះចេញពីតំណែង ខណៈរាជរដ្ឋាភិបាលនឹងផ្ទេរឯកឧត្តម គួច ចំរើន ពីខេត្តកំពង់ចាមទៅគ្រប់គ្រងវិញម្តង។ នេះបើតាមការបញ្ជាក់នៅមុននេះបន្តិចដោយទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរថា «ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលឱ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមឱ្យគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។
នៅក្នុងសេចក្តីប្រកាសនោះ សម្តេចក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងដកតំណែងឯកឧត្តម ញឹម វណ្ណដា ដោយសារកំហុសមួយចំនួនចំពោះការងារ។ ដោយសម្តេចបានសរសេរជាសារទាំងស្រុងថា៖ «ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ»៕