នរណាៗក៏ដឹងដែរថា អាការឈឺពោះនេះ នៅពេលដែលវាកើតឡើងហើយ តែងតែសាងនូវក្ដីលំបាកដល់រាងកាយរបស់យើងខ្លាំងណាស់ មិនថាតែឈឺពោះផ្នែកខាងឆ្វេង ឬផ្នែកខាងស្ដាំឡើយ។ បើសិនជាអាការឈឺក្នុងលក្ខណៈនោះកើតឡើងចំពោះយើងញឹកញាប់ នោះវាអាចជាសញ្ញាមួយដែលប្រាប់ឱ្យយើងដឹងអំពីបញ្ហាសុខភាពដែលកំពុងជិតមកដល់ ដូច្នេះសូមឱ្យនឹកឃើញជាប់ជានិច្ចថា ក្នុងរៀងរាល់អាការឈឺពោះ ច្បាស់ជាមានដើមហេតុរបស់វាទាំងអស់។ នៅពេលនេះ យើងនាំគ្នាមកយល់ដឹងអំពីសញ្ញាអាក្រក់ដែលកើតឡើងនៅពេលឈឺពោះផ្នែកខាងស្ដាំ ដែលបើសិនជាវាកើតអាការឈឺញឹកញាប់ជាបន្តបន្ទាប់ក្នុងលក្ខណៈផ្សេងៗនោះ មានន័យថារាងកាយរបស់យើងកំពុងបញ្ជូនសញ្ញាប្រាប់អំពីជំងឺអាក្រក់ណាមួយហើយ…។
អាការឈឺពោះផ្នែកខាងស្ដាំលើ(ម្ដុំៗក្រោមឆ្អឹងជំនីខាងស្ដាំ)នៅពេលលោកអ្នកកើតមានអាការឈឺពោះផ្នែកខាងស្ដាំលើ ហើយអាការឈឺនោះច្រើនតែកើតឡើងក្រោយពេលទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន នោះអាចមានន័យថា លោកអ្នកកំពុងមានភាពប្រថុយប្រថានក្នុងការកើតជំងឺក្រួសក្នុងថង់ទឹកប្រមាត់ រួមទាំងជំងឺថ្លើមផងដែរ។ ចំណុចសង្កេតសំខាន់ដែលនឹងជួយបញ្ជាក់បានថា អាចជាជំងឺទាំងនោះគឺ ពេលយកដៃទៅចុចសង្កត់លើបរិវេណដែលមានអាការឈឺនោះ អាចនឹងប៉ះនឹងដុំសាច់រឹងៗ ចំណែកអាការដែលតាមមកនោះគឺ មានអាការខ្លួនប្រាណឡើងលឿង និងភ្នែកលឿង។
អាការឈឺពោះផ្នែកខាងស្ដាំក្រោមពេលកើតមានអាការឈឺពោះផ្នែកខាងស្ដាំក្រោម ចាប់ផ្ដើមតាំងពីម្ដុំជុំវិញរន្ធផ្ចិតរហូតទៅដល់ក្រោមពោះផ្នែកខាងក្រោមស្ដាំ។ ពេលយកដៃទៅស្ទាបលើបរិវេណដែលមានអាការឈឺនោះ នឹងមានប៉ះនឹងដុំសាច់ សង្កត់ពីលើ ហើយមានអាការឈឺ ប្រកបនឹងការឈឺចុកសៀតគ្រប់ពេលវេលា បើមានសភាពបែបនេះ ចូរសន្និដ្ឋានទុកជាបឋមថា អាចជារោគសញ្ញារលាកខ្នែងពោះវៀនហើយ តែបើមានអាការឈឺស្រដៀងមានខ្យល់នៅក្នុងពោះ មានអាការរមូរៗពោះរួមជាមួយផងនោះ អាចបណ្ដាលមកពីការធ្វើការងារខុសប្រក្រតីរបស់ពោះវៀនធំ។
អាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុតអាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុតនេះ នឹងមានអាការឈឺឡើងរឹងកើតឡើងជាដំណាក់ៗ មានអាការឈឺផ្នែកខាងក្រោមពោះបំផុតផ្នែកខាងស្ដាំរាលដាលទៅដល់ដើមភ្លៅ ដែលបង្ហាញឱ្យដឹងថា អាចមានបញ្ហាសុខភាពកើតឡើងនៅម្ដុំតម្រងនោម តែបើសិនមានអាការគ្រុនក្ដៅខ្លាំង មានអារម្មណ៍រងាញាក់ ហើយថែមទាំងមានធ្លាក់ស(ចំពោះស្រ្តី) រួមជាមួយផងនោះ អាការក្នុងលក្ខណៈបែបនេះ គឺជាសញ្ញារបស់ជំងឺរលាកដៃស្បូន ដែលបើសិនជាយើងយកដៃស្ទាបត្រង់កន្លែងដែលឈឺ នឹងប៉ះដុំសាច់ទៀតផង។
អាការឈឺពោះផ្នែកខាងស្ដាំក្រោមឆ្អឹងជំនី ពេលមានអាការឈឺពោះផ្នែកខាងស្ដាំ ឈឺបែបក្រហាយៗនៅក្រោមឆ្អឹងជំនី ដោយចំពោះអ្នកខ្លះអាចមានអាការឈឺចុកសៀត និងចុកពោះរួមជាមួយផង នោះមានន័យថា អាចជាការធ្វើការខុសប្រក្រតីរបស់ពោះវៀនតូច។ មានមូលហេតុមកពីការកើតប្រតិកម្មចាញ់ប្រូតេអុីនគ្លុយតេន ហុចផលប៉ះពាល់ធ្វើឱ្យពោះវៀនមិនអាចបឺតជ្រាបអាហារបានល្អដូចប្រក្រតី ធ្វើឱ្យកើតអាការឈឺពោះ។ បើសិនបណ្ដោយទុកមិនធ្វើការព្យាបាលរយៈពេលយូរ អាការទាំងនេះនឹងប្រមូលសន្សំរហូតកើតជាសភាវរាករូសរ៉ាំរ៉ៃ ហើមពោះ ហើយថែមទាំងអាចវិវឌ្ឍទៅជាជំងឺរលាកពោះវៀនតូចបានទៀតផង។
អាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល(ចង្កេះខាងស្ដាំ)បើសិនមានអាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល រួមទាំងបន្ទោបង់មកមានឈាម ឬប្រព័ន្ធបន្ទោបង់មានភាពខុសប្រក្រតីនោះ អាចជាសញ្ញាដាស់តឿនថា អ្នកកំពុងជិតកើតជំងឺរលាកពោះវៀនធំហើយ ដែលបើសិនជាពិនិត្យទៅឃើញមានដុំសាច់ផងនោះ ក៏អាចជាការបង្ហាញឱ្យឃើញថា អ្នកអាចនឹងកើតរោគដុះសាច់ក្នុងពោះវៀនធំ។ តែបើសិនជាមានអាការឈឺពោះផ្នែកខាងស្ដាំ ចាប់ផ្ដើមពីចង្កេះរាលដាលទៅដល់គល់ភ្លៅវិញនោះ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតដុំក្រួសនៅក្នុងក្រលៀន ឬបើមានអាការឈឺចង្កេះខាងស្ដាំ ព្រមទាំងមានគ្រុនក្ដៅរងា រួមទាំងមានទឹកមូត្រពណ៌កករល្អក់ផង ក៏អាចជាសញ្ញាមួយប្រាប់ថា អ្នកអាចនឹងកើតជំងឺរលាកបំពង់តម្រងនោម។
អាការឈឺពោះខាងស្ដាំពេលមានគភ៌ត្រូវតែសុំប្រាប់ស្រ្តីដែលកំពុងមានគភ៌នៅពេលនេះថា អាការឈឺពោះខាងស្ដាំដែលកើតឡើងក្នុងខណៈដែលយើងកំពុងជិតមានកូនតូចនោះ មិនមែនជារឿងដែលត្រូវកង្វល់នោះទេ ព្រោះបើមានអាការឈឺពោះ មិនថាតែខាងស្ដាំ ឬខាងឆ្វេងនោះទេ បើសិនជាការឈឺនោះជាការឈឺបែបស្រាលៗ នោះគឺដោយសារតែតួជីវិតចាប់ផ្ដើមបង្កប់ខ្លួនទៅក្នុងស្បូន។ អាការបន្តដែលស្រ្តីមានផ្ទៃពោះនឹងត្រូវជួប គឺអាការឈឺក្នុងស្បូន ព្រោះស្បូននឹងចាប់ផ្ដើមរីកធំឡើងជាបណ្ដើរ ដែលពេលនោះស្រ្តីមានគភ៌នឹងមានអារម្មណ៍ឈឺនៅក្នុងពោះផ្នែកខាងក្រោម(ថ្ងាសក្រោម)ជាពិសេស។
ក្រៅពីនោះ បើសិនស្រ្តីមានគភ៌មានភេទសម្ព័ន្ធញឹកញាប់ ដើរច្រើន ឡើងចុះជណ្ដើរញឹកញាប់ ឬហាត់ប្រាណប្រចាំ ក៏អាចធ្វើឱ្យកើតមានអាការឈឺពោះម្ដុំផ្នែកខាងក្រោមដែរ ដោយសារតែការប្រើសាច់ដុំនៅត្រង់ផ្នែកនោះ។ បើសិនជាមានអារម្មណ៍ថាឈឺពោះផ្នែកខាងស្ដាំខ្លាំងៗរហូតមានអារម្មណ៍ថាទ្រាំលែងបាន យើងសូមណែនាំឱ្យប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបានប្រញាប់ពិនិត្យវិនិច្ឆ័យយ៉ាងលម្អិត និងចាប់ផ្ដើមព្យាបាលតាមអាការរហូតទាល់តែជា គឺជារឿងដែលចាំបាច់ត្រូវធ្វើខ្លាំងបំផុត៕