តាមរបាយការណ៍ស្រាវជ្រាវរបស់ NEDSPICE បង្ហាញថា ផលិតផលម្រេចឆ្នាំ 2017 នៅទូទាំងពិភពលោកមានប្រហែល 523,000តោន កើនជាងឆ្នាំ 2016 ប្រហែល 20% ដោយសារមានកំណើននៅវៀតណាម ឥណ្ឌូនេស៊ី ប្រេស៊ីល និងកម្ពុជាយើងផងដែរ ដែលចំនួននេះបានកើនឡើងពី 11,200តោន ដល់ 20,000តោន ត្រូវជា 4% នៃផលិតផលសរុបលើពិភពលោក។
របាយការណ៏ខាងលើបានលើកឡើងថា សម្រាប់ប្រទេសវៀតណាមវិញផលិតម្រេចបានដល់ទៅ 40% នៃផលិតផលសរុបពិភពលោកដែលជាចំនួនមួយច្រើនជាងគេ។ ក្រៅពីនោះគឺឥណ្ឌូនេស៊ី ឥណ្ឌា និង ប្រេស៊ីល ផលិតបានប្រហាក់ប្រហែលគ្នា គឺប្រហែល 60,000 ទៅ 70,000តោនក្នុងមួយឆ្នាំ។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានឱ្យដឹងថា តម្លៃម្រេចបានធ្លាក់ពី 8,000ដុល្លារក្នុងមួយតោន មកនៅត្រឹម 4,000ដុល្លារក្នុងមួយតោន ដែលជាតម្លៃធ្លាក់ចុះជាមធ្យមក្នុងឆ្នាំនេះ។ លោកថា តម្លៃម្រេចរបស់កម្ពុជាត្រូវបានកំណត់ថ្លៃពីឈ្មួញវៀតណាមដោយម្រេចខ្មែរមិនតិចជាង 70% ទេ ត្រូវបានទិញដោយឈ្មួញកណ្ដាលយកទៅលក់នៅប្រទេសវៀតណាម។
លោកថា ប្រសិនបើមានអ្នកវិនិយោគទុនក្នុងប្រទេសនាំចេញផ្ទាល់ទៅប្រទេសផ្សេងៗ ដូចជាការវិនិយោគនៅក្នុងវិស័យស្រូវអង្ករដែរនោះ គឺជាការល្អប្រសើរណាស់ បើយកផលិតផល 30,000តោន ក្នុងឆ្នាំខាងមុខគុណនឹងតម្លៃប្រហែល 4,000ដុល្លារក្នុងមួយតោននោះ នឹងបានប្រាក់ប្រមាណជា 120,000,000ដុល្លារ ដែលជាចំនួនមួយច្រើនគួរសមដែរគឺប្រហែលជិតពាក់កណ្ដាលនៃការនាំចេញអង្ករពីកម្ពុជាទៅកាន់ក្រៅប្រទេស៕