គូស្នេហ៍នៅក្នុងរឿង Descendants of the Sun គឺលោក Song Joong Ki និងតារាឯកស្រី Song Hyekyo ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាត្រសងនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមានការសង្ស័យឡើងថា គូស្នេហ៍ក្នុងរឿងមួយគូនេះកំពុងមានទំនាក់ទំនងស្នេហ៍ក្រៅសិល្បៈ ក៏ប៉ុន្ដែដំណឹងលេចឮនេះត្រូវបានអ្នកគ្រប់គ្រងតារាប្រុស Song Joong Ki បដិសេធថាមិនមែនជាការពិតឡើយ។
ជុំវិញបញ្ហានេះ សារព័ត៌មានមួយបានចេញផ្សាយថា កាលដែលទៅកោះបាលីនោះ គឺជាដំណើររៀងៗខ្លួន មិនបានពាក់ព័ន្ធគ្នាទេ ដោយតារាប្រុស Song Joong Ki មានវត្តមាននៅលើកោះបាលី ជាលក្ខណៈដំណើរកម្សាន្ដវិស្សមកាលនៅថ្ងៃទី8 ដល់13 ខែមិថុនា ឆ្នាំ2017 ហើយលោកបានត្រឡប់មកប្រទេសកំណើតវិញហើយកាលពីថ្ងៃទី15 ព្រមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភោធបើកដំណើរការថតខ្សែភាពយន្ដរឿង” Battleship Island ” ទៀតផង។
ទន្ទឹមគ្នានោះដែរ អ្នកគ្រប់គ្រងតារាស្រី Song Hyekyo បានអះអាងថា នាងបានទៅដល់កោះបាលី នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2017 បន្ទាប់មកក៏វិលត្រឡប់មកកូរ៉េវិញភ្លាមៗ។ ក៏ប៉ុន្ដែយ៉ាងក៏ដោយ អ្នកគ្រប់គ្រងរបស់ផលិតកម្ម Blossom Entainment បានបដិសេធថា Song Joong Ki ទៅកោះបាលីជាមួយមិត្តភ័ក្តិរបស់គេដើម្បីចូលរួមផ្សព្វផ្សាយខ្សែភាពយន្ដថ្មីរបស់លោក គឺជាមានដំណើរកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួន គេគ្មានគម្រោងណាត់ជួបជាមួយតារាស្រី Song Hyekyoឡើយ ៕