ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ បាននិងកំពុងមានសកម្មភាពនៃការហោះឡើង និងចុះចតរបស់យន្តហោះផ្សេងៗកាន់តែច្រើនឡើង ដោយសារតែការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 មិថុនានេះថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនបានចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ Air Asia បានភ្ជាប់ជើងហោះហើរចំនួន 4លើក ក្នុងមួយសប្តាហ៍ រវាងទីក្រុងកូឡាឡាំពួ និងខេត្តព្រះសីហនុ និងក្រុមហ៊ុន JC Airline ក៏បានភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួផងដែរ។
លោកបន្តថា “ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនផ្សេងៗទៀតក៏បានហោះហើរជាលក្ខណៈជួលមកកាន់ព្រលាននេះជាបន្តបន្ទាប់ផងដែរ”។ លោកបន្តថា “យើងរំពឹងថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះនឹងកើនពី 60ម៉ឺននាក់កាលពីឆ្នាំមុនដល់ 90ម៉ឺននាក់នៅដំណាច់ឆ្នាំនេះ”។
លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគមកពីប្រទេសចិន ដែលធ្វើឲ្យតម្រូវការនៃជើងហោះហើរក្នុងស្រុក និងមកពីបរទេសកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ចំនួនអ្នកដំណើរ និងការភ្ជាប់ជើងហោះហើរទៅកាន់ខេត្តនេះ នឹងកើនឡើងកាន់តែច្រើននាពេលអនាគត ដោយសារសក្តានុពលរបស់ខេត្តដែលមានទាំងកំពង់ផែ ផ្លូវគោក និងផ្លូវអាកាសមួយនេះ។
រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ 2015 – 2025 ជាគោលនយោបាយមួយដែលនឹងរុញកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន៕