ខ្ជាយ ជារុក្ខជាតិឱសថបុរាណដែលភាគច្រើនមានដាំតាមផ្ទះ ហើយផ្នែកដែលគេអាចយកទៅប្រើធ្វើជាអាហារ និងឱសថនោះ គឺគល់ និងមើមខ្ជាយដែលកប់ក្នុងដី ព្រោះវាមានគុណសម្បត្តិជាច្រើនប្រភេទ។ គ្រូឱសថបុរាណខ្មែរ ច្រើនយកគល់ និងមើមខ្ជាយទៅធ្វើជាថ្នាំបំបាត់អាការឈឺពោះ កែរោគឆ្អល់ចុកសៀតក្នុងពោះ កែរោគក្រពះ ព្យាបាលដំបៅនៅក្នុងមាត់ ធ្វើជាថ្នាំបង្កើនអាយុ បង្កើនកម្លាំង និងបំបាត់រោគអសមត្ថភាពផ្លូវភេទជាដើម។
1. សម្រាលអាការចុកសៀតណែនក្នុងពោះ : យកមើមខ្ជាយប្រមាណជាកន្លះក្តាប់ទៅស្ងោរឱ្យពុះ រួចញ៉ាំទឹកនោះ។
2. បំបាត់រោគក្រពះ : ញ៉ាំមើមខ្ជាយស្រស់ៗប៉ុនម្រាមកូនដៃដោយមិនបកសម្បក មួយថ្ងៃ 3ពេលមុនពេលបាយ 15នាទីរយៈពេល 2សប្តាហ៍។
3 . ព្យាបាលដំបៅនៅក្នុងមាត់ : កិនមើមខ្ជាយទាំងសម្បកចំនួន 2មើមលាយទឹកស្អាត 1កែវ ថែមអំបិលកន្លះស្លាបព្រាកាហ្វេ រួចហើយត្រងដោយក្រណាត់ស្បៃស្អាតយកកាកចេញ ហើយយកមកខ្ពុរមាត់ មួយថ្ងៃ 3ពេល រហូតទាល់តែដំបៅជាសះដាច់។
4 . ថ្នាំបង្កើនអាយុ : យកម្សៅមើមខ្ជាយដែលកិនហ្មត់ស្ងួតទាំងសម្បកមកលាយជាមួយទឹកឃ្មុំ ពូតជាគ្រាប់ថ្នាំតូចៗ ញ៉ាំ 1ថ្ងៃ 3គ្រាប់ មុនពេលចូលគេង។ មានរបាយការណ៍ថា រូបមន្តនេះថែមទាំងអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានទៀតផង។
5 . ព្យាបាលអាការអសមត្ថភាពផ្លូវភេទ (ប្រដាប់បន្តពូជមិនឡើងរឹង)
វិធីទី 1 : កិនមើមខ្ជាយដែលលាងស្អាតទាំងសម្បកឱ្យបែកល្មមៗ រួចចាក់ចូលដបកែវមាត់ធំបិទគម្របឱ្យជិត រួចយកទៅក្លាស្សេទុកក្នុងទូទឹកកក។ ញ៉ាំមុនពេលបាយ 15នាទីម្តង 1ស្លាបព្រាកាហ្វេ មួយថ្ងៃ 3ពេល ប្រមាណជា7ថ្ងៃ ហើយប្រសិទ្ធភាព នឹងឃើញឱ្យក្រោយពីញ៉ាំបាន 3 – 4ថ្ងៃ។
វិធីទី 2 : យកមើមខ្ជាយដែលហាលស្ងួតហើយទៅបុកឱ្យក្លាយជាម្សៅ រួចដាក់ចូលក្នុងគ្រាប់កាប់ស៊ុល មួយគ្រាប់ 250មីល្លីក្រាម ញ៉ាំមួយថ្ងៃ 1គ្រាប់ មុនពេលបាយព្រឹកក្នុងសប្តាហ៍ដំបូង និងមួយថ្ងៃ 2គ្រាប់ ពេលព្រឹកក្នុងសប្តាហ៍ទី2។ បើនៅតែមិនទាន់ឃើញលទ្ធផល ចូរញ៉ាំ 2គ្រាប់មុនពេលបាយល្ងាចបន្ថែមទៀត និងសូមកុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ផង ដើម្បីសុខភាពកាន់តែល្អរឹងមាំ៕