ចំណេះទាំង10ខាងក្រោមនេះ ក្រៅពីងាយស្រួលអនុវត្តហើយ នៅមិនអស់លុយច្រើនទៀតផង និងអ្វីដែលសំខាន់នោះគឺ យើងសង្កត់ធ្ងន់រឿងរបស់ធម្មជាតិជាមួយស្បែក ដើម្បីឱ្យទទួលបានស្បែកដែលល្អស្អាតពិតៗ តែយ៉ាងណាក៏ដោយក៏កុំភ្លេចថា ការឧស្សាហ៍ថែបំប៉ននេះ គួរធ្វើឡើងយ៉ាងជាប់លាប់ទើបទទួលបានលទ្ធផលល្អពិត។
1. ថែបំប៉នដោយចេកទុំ និងស៊ុត
ចង់ឱ្យសក់ភ្លឺរលោងស្អាតទេមិត្តអ្នកអាន? ងាយស្រួលខ្លាំងណាស់ គ្រាន់តែលាយស៊ុតមួយគ្រាប់ជាមួយចេកទុំកិនម៉ដ្ឋ ហើយយកមកផ្អាប់លើសក់(បើសក់វែង និងក្រាស់ខ្លាំងនោះ អាចបន្ថែមល្បាយនេះឱ្យច្រើនឡើងបាន) ទុកចោល10-30នាទី បន្ទាប់ពីនោះក៏កក់សក់ចេញដោយសាប៊ូកក់សក់តាមធម្មតា តែបើចង់ប្រើគ្រីមអប់សក់ផង ចូរប្រើចំពោះតែបរិវេណចុងៗសក់បានហើយ។ ធ្វើឱ្យបានយ៉ាងតិចក្នុងមួយអាទិត្យម្តង តែសម្រាប់សក់ដែលស្ងួតខ្លាំង អាចធ្វើបាន2ដងក្នុងមួយសប្តាហ៍កាន់តែល្អ។
2. ថែបំប៉នក្រចកបង្កើនសំណើម
ធ្វើក្រចកដៃញឹកញាប់ ចង់ឱ្យក្រចករឹងមាំស្រស់រលោងភ្លឺថ្លានោះ ចូរយកប្រេងម្កាក់ក្តៅឧណ្ហៗ ហើយដាក់ដៃត្រាំនៅក្នុងនោះប្រមាណជា5នាទី នឹងទទួលបានដៃដ៏ទន់ភ្លន់ ជាមួយនឹងក្រចកដែលរឹងមាំល្អស្អាតមិនខាន ចូរធ្វើឱ្យបានរៀងរាល់សប្តាហ៍។
3. ម៉ាសទឹកឃ្មុំបែបងាយៗ
ទឹកឃ្មុំសុទ្ធអាចជួយនារីៗយើងក្នុងរឿងស្បែកបានច្រើនណាស់ ជាពិសេសការប្រឆាំងមេរោគបាក់តេរី និងធ្វើឱ្យស្បែកឡើងស្រទន់យ៉ាងឆាប់រហ័ស តែសូមបញ្ជាក់ថា ត្រូវតែជាទឹកឃ្មុំសុទ្ធប៉ុណ្ណោះ។ ចូរធ្វើម៉ាសមុខមួយសប្តាហ៍ម្តង ដោយប្រើទឹកឃ្មុំ 1ស្លាបព្រាបាយ ឬច្រើនជាងនោះបន្តិចដោយមុននឹងយកមកប្រើ ចូរយកទៅដាក់កម្តៅក្នុងឆ្នាំងម៉ៃក្រូវេហ្វឱ្យក្តៅឧណ្ហៗសិន ហើយយកមកលាបឱ្យសព្វលើផ្ទៃមុខ ទុកចោល5-10នាទីបន្ទាប់ពីនោះសឹមលាងចេញដោយទឹកក្តៅឧណ្ហៗនិងផ្តិតមុខឱ្យស្ងួតជាការស្រេច។
4. ធ្វើសាប៊ូកក់សក់បែបងាយៗជួយកម្ចាត់វត្ថុ កខ្វក់ដែលនៅសេសសល់លើស្បែកក្បាល
អ្នកប្រើសាប៊ូកក់សក់ធម្មតាដែលមានដាក់លក់នៅលើទីផ្សារ តែពេលខ្លះសាប៊ូកក់សក់ទាំងអស់នោះក៏ធ្វើឱ្យមានវត្ថុកខ្វក់នៅសេសសល់នៅលើស្បែកក្បាលរបស់អ្នកដែរ បើសិនជាលាងមិនស្អាតមែនទែននោះ។ វិធីដែលជួយកម្ចាត់វត្ថុកខ្វក់ទាំងនោះបាននោះគឺ លាយទឹកខ្មេះធ្វើពីផ្លែប៉ោម1/4ពែង ជាមួយទឹកស្អាត1ពែង យកមកកក់សក់ជំនួសសាប៊ូកក់សក់ រួចហើយតាមដោយការអប់សក់តាមប្រក្រតី។ នៅពេលណាដែលអ្នកមានអារម្មណ៍ថារាងស្អិតៗក្បាល សក់ឆាប់កខ្វក់នោះសូមសាកល្បងធ្វើលមើល៍។
5. ដុសខាត់កែងដៃ និងក្បាលជង្គង់ ទទួលយកស្បែកស្អាតស្រស់ថ្លា
ហាន់ផ្លែក្រូចឆ្មារកាត់ទទឹងជាពីរ ដើម្បីយកមកដុសលើកែងដៃ និងក្បាលជង្គង់ ឬនៅត្រង់កន្លែងណាដែលក្រិនខ្មៅ វានឹងជួយឱ្យស្បែកត្រង់កន្លែងនោះស និងទន់ឡើងវិញ ហើយថែមទាំងមានក្លិនក្រអូបទៀតផង។ បន្ទាប់ពីដុសខាត់រួចហើយ ចូរលាងសម្អាតចេញតាមធម្មតា។
6. ដុសខាត់រាងកាយបែបទន់ភ្លន់
លាយប្រេងម្កាក់ ជាមួយអំបិលម៉ដ្ឋក្នុងអត្រា2:1 ហើយយកមកដុសខាត់ស្បែក នឹងជួយកម្ចាត់កោសិកាស្បែកដែលស្លាប់ហើយចេញ ធ្វើឱ្យស្បែកស្រទន់ និងភ្លឺថ្លា ហើយអ្វីដែលសំខាន់នោះគឺ យើងអាចលាយបានដោយខ្លួនឯង នឹកចង់ធ្វើពេលណាក៏បានមិនចាំបាច់ទិញគេឡើយ។
7. បំប៉នសរសៃសក់ឱ្យទន់រំសាយ
ចង់មានសក់ស្រទន់ និងមានសំណើម មិនស្ងួតបែកចុងដែរឬទេ? បើចង់ ចូរយកប្រេងដូងមកផ្អាប់សរសៃសក់ និងធ្វើម៉ាស្សាស្បែកក្បាល ដោយផ្អាប់តាំងពីគល់រហូតដល់ចុងសក់ ទុកចោលប្រមាណជា2-3ម៉ោង បន្ទាប់ពីនោះក៏ទៅកក់សម្អាតចេញ អាចនឹងត្រូវកក់សម្អាតដល់ទៅ2-3ដងទើបស្អាត និងមិនចាំបាច់ប្រើគ្រីមអប់សក់ទេ ហើយសម្រាប់អ្នកដែលមានស្បែកក្បាលឡើងប្រេង អាចធ្វើការផ្អាប់ចំពោះតែចុងសក់បានហើយ។
8.គ្រីមរំអិលសម្រាប់កោររោមបែបគ្មានសារធាតុពុល
ចូរប្រើប្រេងដូងលាបឱ្យសព្វបរិវេណដែលត្រូវកោរ មិនថាតែនៅលើជើង ឬក្លៀកជំនួសគ្រីមរំអិលសម្រាប់កោររោម វានឹងជួយឱ្យការកោរនោះកាន់តែងាយស្រួលឡើង និងថែបំប៉នស្បែកក្នុងពេលជាមួយគ្នាទៀតផង។
9. កម្ចាត់មុនក្បាលខ្មៅដោយរូបមន្តធម្មជាតិ
បន្តក់ទឹកឃ្មុំ4-5ដំណក់នៅលើសម្បកផ្លែក្រូចឆ្មារ រួចយកមកដុសឱ្យសព្វលើផ្ទៃមុខប្រមាណជា1នាទី ដោយសង្កត់ធ្ងន់លើបរិវេណដែលមានមុនក្បាលខ្មៅ រួចហើយទុកចោល5នាទីមុននឹងលាងចេញដោយទឹកត្រជាក់ (ចូរធ្វើនៅពេលយប់ ហាមធ្វើនៅពេលព្រឹក ព្រោះអាចនឹងធ្វើឱ្យស្បែកមុខក្រហាយនៅពេលចេញទៅប៉ះនឹងកម្តៅ និងពន្លឺថ្ងៃ)។
10.ប្រើច្រាសទន់ៗដុសស្បែក ដើម្បីទទួលបានស្បែកដ៏ល្អ
ការប្រើច្រាសទន់ៗដុសខាត់នៅលើស្បែកគឺជាការឌីថក់ស៍ស្បែកបែបងាយៗ ដុសថ្នមៗប្រៀបដូចជាការធ្វើម៉ាស្សាស្បែក កម្ចាត់កោសិកាស្បែកដែលស្លាប់ហើយ តែនៅតែតោងនៅលើស្បែកមិនព្រមជ្រុះចេញ ជួយឱ្យប្រព័ន្ធការពាររោគរឹងមាំឡើង កម្ចាត់សេលលូឡៃត៍ ជំរុញអ័រម៉ូន និងជួយរឹតបន្តឹងស្បែក។ គឺជាវិធីមួយដែលល្អបំផុត និងមិនអស់ប្រាក់ច្រើនទៀតផង៕