មុននេះបន្ដិចស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា ម្ចាស់បទ« ឆ្ងាយ » បានបង្ហោះសារទៅកាន់មហាជនថា ខ្លួនត្រូវបានបរាជ័យកិច្ចការពារស្នារដៃខ្លួន ដោយការលួចស្នាដៃចម្រៀងរបស់ខ្លួនដែលបានខិតខំប្រឹងប្រែងធ្វើអស់រយៈពេលរាប់ខែ ទៅបង្ហោះយ៉ាងរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់នៅលើយូធូប ហើយថែមទាំងព្រួតកម្ទេច Youtube Channel របស់សាមី ដោយចោទប្រកាន់ថា មិនមែនជាម្ចាស់ស្នាដៃទៅវិញ។
តារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ បានអះអាងថា « ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ ។ ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ ។ ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែរ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ ។ ” You have stolen my Art for your own business benefit »។
គួរបញ្ជាក់ផងដែរថា មហាជនជាច្រើនតែងតែទទូចចង់ឱ្យមានវិធានការទប់ស្កាត់ការលួចចម្លងបែបនេះ ប្រសិនបើគេមើលឃើញមានការរឹតបន្តឹងនិងបង្ក្រាបដែលបានធ្វើឱ្យថមថយការចេញរបស់ក្លែងក្លាយ ឬរបស់ចម្លងនោះទៅបាន គឺបានន័យថា វិធានការមួយនោះប្រសិទ្ធភាពរក្សាសិទ្ធបញ្ញា ទាំងប្រភេទផលិតផលសិល្បៈចម្រៀង និងភាពយន្ត។ តែជាអកុសល ច្បាប់កម្មសិទ្ធបញ្ញានៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា នៅមិនទាន់បានតឹងរ៉ឹងនៅឡើយទេ៕