អាជ្ញាធរក្រូអាស៊ី បានដាក់ចេញនូវការស៊ើបអង្កេតមួយទៅលើប្រធានក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ីគឺ Luka Modric ខ្សែបម្រើដ៏មានឥទ្ធិពលដែលលេងឲ្យក្លិបយក្ស Real Madrid ដែរនោះ កំពុងជាប់សង្ស័យពីបទផ្តល់ចម្លើយមិនពិតនៅក្នុងសវនាការលើករណីបន្លំមិនបង់ពន្ធរបស់លោក Zdravko Mamic ដែលជាអតីតអ្នកចាត់ការទូទៅរបស់គេ។ កីឡាកររូបនេះ មិនអាចទាក់ទងដើម្បីសុំការបកស្រាយភ្លាមៗបានឡើយ។ នេះបើយោងទៅតាមភ្នាក់ងារសារព័ត៌មានរបស់ Reuters។
លោក Mamic ដែលជាមនុស្សដ៏មានឥទ្ធិលក្នុងកីឡាបាល់ទាត់ក្រូអាស៊ីនោះ គឺជាគ្រូបង្វឹករបស់ Modric ក្នុងពេលដែលលោកដឹកនាំក្នុងក្លិប Dinamo Zagreb។ លោក Mamic ដែលប្អូនប្រុសរបស់លោកគឺ Zoran Mamic និងមន្ត្រីពីរនាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទពុករលួយ ដែលបានធ្វើឲ្យក្លិប Dinamo Zagreb ខាតប្រាក់ច្រើនជាង 15លានអឺរ៉ូ (ស្មើនឹង16.7លានដុល្លារអាមេរិក) និងរដ្ឋ ខាតបង់ 1.5លានអឺរ៉ូ។ សាច់ប្រាក់ទាំងនោះត្រូវបានបន្លំ តាមរយៈការព្រមព្រៀងជាសម្ងាត់ផ្សេងៗ ដោយពួកគេបានកាត់យកតម្លៃខ្លួនពីការលក់កីឡាករក្នុងក្លិប Dinamo Zagreb។ ប្រសិនបើរកឃើញថា មានកំហុសពីការផ្តល់ចម្លើយមិនពិត កីឡាករ Modric អាចប្រឈមមុខនឹងការជាប់គុកពីរយៈពេល6ខែ ទៅ5ឆ្នាំ។
បើយោងតាមអាជ្ញាធររបស់ក្រូអាស៊ី ក្នុងសវនាការកាលពីថ្ងៃទី13 ខែមិថុនា កីឡាករ Modric បាននិយាយទាំងខុសថា រូបគេបានចុះហត្ថលេខាជាមួយនឹងក្លិប Tottenham កាលពីខែកក្កដា ឆ្នាំ2004៕
ប្រភពពី៖ BBC