ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមដាក់ឱ្យដំណើរការផ្លូវអាទិភាពមួយចំនួនក្នុងរាជធានីភ្នំពេញ សម្រាប់ការដឹកជញ្ជូនខ្សែរថយន្តក្រុងស្វយ័តរបស់រដ្ឋប្រកបដោយភាពរហ័សទាន់ចិត្ត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះឱ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះឱ្យបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន សំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងចាត់ក្រុមអ្នកជំនាញចុះសិក្សាជាមួយភាគីជប៉ុនដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ បានបើកបរដោយគ្មានការរំខាន និងឧបសគ្គអ្វីមួយកើតឡើង។
ឯកឧត្តមអភិបាលបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះឱ្យបានឆាប់ជាទីបំផុត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ និងកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងធានាសុវត្ថិភាព។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី19 ខែមិថុនានេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ គឺដោយសារតែបណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួន មានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ហើយមានការរំលោភលើចំណីផ្លូវសាធារណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។
ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា មធ្យោបាយដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុង និងមានសុវត្ថិភាពសម្រាប់អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋនឹងជួយជំរុញឱ្យរាជធានីភ្នំពេញដោះស្រាយបានបញ្ហាកកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការសេវារថយន្តក្រុងសាធារណៈបានចំនួន 13ខ្សែនៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយជាមធ្យមក្នុង 1ថ្ងៃៗមានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវាកម្មមួយនេះចន្លោះពី 2ម៉ឺន6ពាន់នាក់ ទៅ3ម៉ឺននាក់៕