រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងបានប្រកាសឱ្យអាជ្ញាធរតាមបណ្តាខេត្តទាំងអស់ជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំបន្លែដែលមានសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ខណៈបច្ចុប្បន្នតម្រូវការបន្លែប្រភេទនេះមានតម្រូវការកើនឡើងខ្ពស់ ដោយហេតុថាការផ្គត់ផ្គង់បន្លែនៅកម្ពុជាបើប្រៀបទៅនឹងតម្រូវការក្នុងស្រុកនៅមានការខ្វះខាតច្រើន ទើបមានការនាំចូលបន្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជិតខាង។បញ្ហាប្រឈមក្នុងវិស័យនេះរួមមាន៖ផ្ទៃដីផលិត
មានទំហំតូច ទិន្នផលមធ្យមទាប ការបាត់បង់ផលដំណាំបន្ទាប់ពីការប្រមូលផល ផលិតផលមិនស្របតាមគុណភាព និងការបំពេញតម្រូវការទីផ្សារមិនគ្រប់គ្រាន់។ ការលើកកម្ពស់ផលិតកម្មបន្លែនឹងផ្តល់នូវជម្រើសដល់កសិករខ្នាតតូចដើម្បីធ្វើឱ្យផលិតកម្ម និងឱកាសទីផ្សាររបស់ពួកគាត់មានភាពសម្បូរបែប និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ។
ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មតូចបានបង្កើតជាសហគមន៍កសិករ ក្រុមផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅរបស់គម្រោងដើម្បីជំរុញទីផ្សារបន្លែសុវត្ថិភាព និងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។
កសិករ ឌីន ឈិត និងអ្នកស្រី សុខ ហៀង ជាប្រពន្ធ ជាអ្នកផលិតបន្លែសុវត្ថិភាពបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ការចងជាសហគមន៍ កសិករនឹងមិនជួបបញ្ហាលំបាកក្នុងការរកទីផ្សារ និងប្រឈមតម្លៃឡើងចុះខ្លាំងពេកទេ”។
អ្នកស្រីហៀងបានពន្យល់ថា៖“កសិករដាំដំណាំដូចៗគ្នា និងចង់លក់បានថ្លៃពេលទីផ្សារបន្លែធ្លាក់ចុះ ក្នុងខណៈដែលការផលិត ឬដាំដំណាំបានធ្វើឡើងក្នុងរដូវដែលត្រូវនឹងពេលបន្លែទទួលផលបានល្អ ធ្វើឱ្យការប្រមូលទិញក៏ពុំមានការប្រកួតប្រជែងរវាងអ្នកប្រមូលទិញដូចគ្នាទេ។ ប៉ុន្តែបច្ចុប្បន្ន មានការបញ្ជាទិញពីឈ្មួញ ឬក្រុមហ៊ុនផ្សារទំនើបចំនួនច្រើននូវបន្លែសុវត្ថិភាពដែលសហគមន៍មិនភ័យព្រួយពីបញ្ហាលក់ទៀតនោះឡើយ តែបារម្ភពីបញ្ហាផលិតមិនបានគ្រប់ចំនួនដែលគេបញ្ជាទិញទៅវិញ”។
យោងតាមអ្នកស្រី សុខ ហៀង អាយុប្រមាណ 60ឆ្នាំ មុខរបរជាកសិករដាំបន្លែដែលរស់នៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលបានដាំដំណាំបន្លែសរីរាង្គ(គ្មានសារធាតុគីមី) ដោយខ្លួនឯងសម្រាប់លក់នៅតាមផ្សារក្នុងស្រុកបានអះអាងថា ការដាំបន្លែរួមផ្សំ ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយ ការទិញបន្លែពីផ្សារដែលផ្ទុកសារជាតិគីមី។
អ្នកស្រីហៀងបានឱ្យដឹងទៀតថា៖“ការដាំបន្លែរួមផ្សំទាំងនោះតាមលំនៅឋាន ក៏ដូចជានៅតាមចម្ការ ក៏អាចមានជីវភាពល្អប្រសើរដូចកសិករដទៃទៀតដែលនៅទំនេរចាំតែធ្វើស្រែមួយមុខហើយការដាំបន្លែនេះ មួយផ្នែកសម្រាប់ផ្គត់ផ្គង់ជីវភាពហូបចុកប្រចាំថ្ងៃ និងសម្រាប់លក់ឱ្យឈ្មួញចុះទិញដល់លំនៅឋាន មិនចាំបាច់មានដីចម្ការច្រើនហិកតានោះទេ គឺកសិករអាចដាំក្នុងទីធ្លាបរិវេណជុំវិញលំនៅឋានកំពុងរស់នៅផ្ទាល់តែម្តងក៏បានដែរ”។
សម្រាប់អ្នកស្រី សុខ ហៀង ដែលមានដីទំហំត្រឹមជាង 20អា តែក៏អាចដាំបន្លែសុវត្ថិភាពបានជាច្រើនមុខ ហើយបន្លែដែលអ្នកស្រីដាំ រួមមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃខៀវ និងបន្លែរួមផ្សំមានស្លឹកស្អំ ប្រពាយ ដំឡូងដៃខ្លា ដំឡូងកៅពឹង ននោង និងម្ទេសជាដើម។
អ្នកស្រីបានបន្តថា សម្រាប់រូបគាត់មានផ្ទៃដីតិចពេកមិនអាចដាំបានច្រើនដូចគេអ្នកភូមិដទៃនោះទេ គឺមានដីត្រឹមតែជាង 20អា ដែលអាចដាំចម្រុះជាបន្លែជាច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ ដោយដាំតាមបច្ចេកទេសដែលខាងកសិកម្មបានចុះមកបង្ហាត់បង្ហាញណែនាំ និងការប្រើជីធម្មជាតិ សុទ្ធសាធមិនមាន ប្រើជីគីមីនោះទេ ។
អ្នកស្រី សុខ ហៀង បានបញ្ជាក់ឱ្យដឹងថា៖“ចំពោះបន្លែស្ពៃទាំង 3មុខ ដែលខ្ញុំបានដាំ គឺបានហុចផលជាបន្តបន្ទាប់ ព្រោះខ្ញុំបានដាំជាបន្តបន្ទាប់ដើម្បីឱ្យបានលក់ជាបន្តបន្ទាប់ដែរ។ រីឯតម្លៃស្ពៃទាំង 3ប្រភេទនេះ ខ្ញុំអាចលក់ចេញបានក្នុងតម្លៃ 4,000 ទៅ5,000រៀលក្នុង 1គីឡូក្រាមដោយទទួលបានកម្រៃក្នុង 1ថ្ងៃប្រមាណ 3ម៉ឺនទៅ 4ម៉ឺនរៀល បើគិតជាទឹកប្រាក់ក្នុង1ខែ ក៏បានប្រហែល 1លាន2សែនរៀលដែរ(ប្រមាណ300ដុល្លារអាមេរិក)”។ បើយើងគិតជាប្រាក់សរុបក្នុង 1ឆ្នាំគ្រួសារអ្នកស្រីទទួលបាន 3600ដុល្លារអាមេរិកដែរសម្រាប់ផ្គត់ផ្គង់ជីវភាព នេះយើងមិនបានគិតពីកម្រៃដែលបានពីបន្លែរួមផ្សំនៅឡើយទេ។អ្នកស្រីក៏បានបញ្ជាក់ថា ក្នុង 1ឆ្នាំអ្នកស្រីអាចដាំបានពី 4ទៅ 6លើក ក្នុង 1លើកៗមានរយៈពេល 1ខែទៅ1ខែកន្លះ ហើយប្រាក់ទាំងនោះក៏ខ្ញុំយកទៅចំណាយសម្រាប់ការដាំជាបន្តបន្ទាប់ដែរ តែវាបានជួយឱ្យជីវភាពគ្រួសារខ្ញុំបានធូរធារ ទោះបីជាយើងមានដីទំហំតូចក៏ដោយក៏យើងអាចទទួលផលចំណេញពីវា និងចូលរួមក្នុងសហគមន៍ជំរុញការដាំដុះបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើងឱ្យបានគ្រប់គ្រាន់។
អ្នកស្រី សុខ ហៀងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំដាំបន្លែដែលមានសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ព្រោះបច្ចុប្បន្នតម្រូវការបន្លែប្រភេទនេះមានការកើនឡើងខ្ពស់ណាស់។ ជាមួយគ្នានេះសហគមន៍បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ដែលបានកំណត់ថា ទៅថ្ងៃអនាគត ផលិតកម្មកសិកម្ម គឺផលិតឡើងប្រកបទៅដោយបរិមាណ និងគុណភាព សុវត្ថិភាពអាចផ្គត់ផ្គង់បានគ្រប់តាមតម្រូវការទីផ្សារ៕