ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) បានឱ្យដឹងថា ខ្លួនអាចនឹងចាប់ផ្តើមសាងសង់លំនៅឋានតម្លៃសមរម្យនៅឆ្នាំក្រោយនេះសម្រាប់អ្នកដែលមានចំណូលទាប និងមធ្យម ជាពិសេសសម្រាប់កម្មករដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតែម្ដង។
លោក Hiroshi Uematsu អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Phnom Penh SEZ Public Limited Company បានឱ្យដឹងថា ក្រុមហ៊ុនលោកនឹងដាក់សំណើទៅកាន់រដ្ឋាភិបាលនៅពេលផែនការមេនៃគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យបានចប់សព្វគ្រប់។ លោកថ្លែងថា ខណៈពេលនេះក្រុមហ៊ុនកំពុងស្វែងរកដីប្រមាណ 7ហិកតាសម្រាប់សាងសង់គម្រោងនេះ ដែលទីតាំងនៃគម្រោងលំនៅឋានតម្លៃសមរម្យនេះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតែម្ដង។
លោក Uematsu បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានបម្រុងទុកដីប្រមាណ 7ហិកតាសម្រាប់សាងសង់ម្តងហើយ តែដោយសារតែមានក្រុមហ៊ុនចិនមួយមកវិនិយោគនៅក្នុងតំបន់នេះដែរ ហើយត្រូវការដីប្រមាណជាង 40ហិកតា ដែលជាប់នឹងដីបម្រុងទុកនោះ ទើបក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្វែងរកទីតាំងថ្មីទៀត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដដែល។ លោកថា ក្រុមហ៊ុននឹងសាងសង់ផ្ទះចំនួន 3ពាន់ខ្នង ដោយអភិវឌ្ឍជាដំណាក់កាល។
កំណើនសម្រាប់លំនៅឋានតម្លៃសមរម្យមានការកើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ ដោយសារអត្រានៃកំណើនប្រជាជនបានកើនឡើង ជាពិសេសការបំផ្លាស់ទីពីទីជនបទមកទីក្រុង ដែលមានកំណើនប្រមាណ 30ភាគរយនៅក្នុងឆ្នាំ2015 បើធៀបនឹងឆ្នាំ1990 ដែលមានតែ 15ភាគរយប៉ុណ្ណោះ។ មួយវិញទៀត ការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមាក៏ជាកត្តាជំរុញឱ្យមានតម្រូវការផ្ទះផងដែរ។ នេះបើយោងតាម កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
អង្គការយូអិនឌីភី (UNDP) បានរាយការណ៍ថា តម្រូវការលំនៅឋាននឹងកើនឡើងជាង 1លានខ្នងផ្ទះនៅឆ្នាំ2030 ដោយតំបន់ប្រជុំជន និងទីក្រុងភ្នំពេញនឹងមានតម្រូវការប្រមាណ 80ម៉ឺនខ្នង ព្រមជាមួយនឹងគោលនយោបាយល្អពីរដ្ឋាភិបាល និងសេដ្ឋកិច្ចដែលលូតលាស់ល្អ ទើបជំរុញកំណើនតម្រូវការផ្ទះសំបែងនេះ។
កាលពីឆ្នាំ2017 រដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នឹងបើកផ្លូវឱ្យក្រុមហ៊ុនជានីតិបុគ្គល ដែលបានចុះបញ្ជីនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យសាងសង់លំនៅឋានតម្លៃសមរម្យនេះ ដោយការអភិវឌ្ឍត្រូវភ្ជាប់ជាមួយនឹងទីធ្លា និងបរិស្ថានល្អត្រឹមត្រូវ មានទីផ្សារ ឬមជ្ឈមណ្ឌលផ្សេង។
គោលនយោបាយនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គឺកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គម្រោងលំនៅឋាន ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងទាប។ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ត្រូវមានមានលំនៅឋានចាប់ពី 100ឯកតា ត្រូវមានទីតាំងចម្ងាយ 20គីឡូម៉ែត្រពីរាជធានី ក្រុង នឹងត្រូវលក់ក្នុងតម្លៃចន្លោះពី 15,000ដុល្លារ ទៅដល់ 30,000ដុល្លារអាមេរិក។
ផ្អែកលើគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនេះ រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋ ដែលពុំទាន់មានផ្ទះសំបែងឱ្យមានលំនៅឋានមួយរស់នៅសមរម្យ គឺជាការជំរុញបត់បែនទៅតាមជំហានរីកចម្រើន ក៏ដូចជាការកាត់បន្ថយសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង កាត់បន្ថយអសន្តិសុខ ពង្រីកវប្បធម៌ សាមគ្គីធម៌ឱ្យកាន់តែទូលាយផងដែរ។
នេះបើតាម លោកអគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Phnom Penh SEZ Public Limited Company៖ “តម្លៃរបស់យើងនឹងសមរម្យសម្រាប់ប្រជាជនដែលមានចំណូលទាប និងមធ្យម ជាពិសេសសម្រាប់បុគ្គលិក និងកម្មករធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ លោកបញ្ជាក់ថា “តម្លៃគឺប្រមាណពី15,000 ទៅ 30,000ដុល្លារក្នុង 1ខ្នង”។
លោកបានឱ្យដឹងទៀតថា ការចាប់ផ្តើមសាងសង់គម្រោងលំនៅឋានសមរម្យ សម្រាប់អ្នកដែលមានចំណូលទាប និងមធ្យម នេះគឺជាគោលគំនិតរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខណៈអ្នកអភិវឌ្ឍន៍ផ្សេងទៀតចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃខ្ពស់។
លោកបានបន្តថា ការបង្កើតគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនេះ គឺក្រុមហ៊ុនចង់ចូលរួមលើកកម្ពស់នូវសុខុមាលភាពកម្មករ និងផ្តល់ជូននូវបរិយាកាសរស់នៅដែលល្អមួយ ហើយវាជាការចង់បានពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មដែលមានខ្សែចង្វាក់តម្លៃបន្ថែមខ្ពស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
លោក Uematsu មានប្រសាសន៍ថា៖“យើងនឹងសហការជាមួយក្រុមហ៊ុនទាំងអស់នោះ ទាក់ទងនឹងកម្ចី ដោយសារកម្មកររោងចក្រមិនមានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះ 1ដងក្នុងពេលដំបូងនោះទេ ដូច្នេះយើងត្រូវរៀបចំយន្តការនៃការបង់ប្រាក់ជាមួយអាត្រាការប្រាក់ទាប បើធៀបនឹងគ្រឹះស្ថានហិរញ្ញវត្ថុ គឺពួកគេខ្ពស់ជាងយើង”។
ក្រុមហ៊ុននឹងរៀបចំ ធ្វើការជាមួយក្រុមហ៊ុនធំៗនៅក្នុងតំបន់ ដូច្នេះក្រុមហ៊ុនអាចផ្តល់កម្ចីរបស់ក្រុមហ៊ុន ជាមួយអាត្រាការប្រាក់ តែឥឡូវយើងផ្លាស់ប្តូរទីតាំង ដូច្នេះយើងនឹងកែសម្រួលផែនការមេរបស់យើង។ យើងនឹងដាក់គម្រោងរបស់យើងជូនក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ព្រមជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗទៀត។
លោកបានបន្ថែមថា កម្ចីទិញផ្ទះគួរតែសមរម្យ សម្រាប់ពួកគេ(កម្មករនិយោជិត) គឺប្រមាណ 30ភាគ-រយនៃប្រាក់ចំណូលសរុបរបស់គេ ដែលសរុបចំនួនស្នាក់នៅក្នុងតំបន់នេះមានប្រមាណ 3,000នាក់។
លោក សំ វង្សី ប្រធានអង្គភាព ភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឱ្យដឹងថា មកទល់ពេលនេះមានគម្រោងតែ 2ប៉ុណ្ណោះដែលបានដាក់ពាក្យស្នើសុំសាងសង់លំនៅឋានតម្លៃសមរម្យ គឺក្រុមហ៊ុន វើលប្រ៊ីជហូម និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស តែមានតែក្រុមហ៊ុនវើលប្រ៊ីជហូម មួយប៉ុណ្ណោះដែលគុណវុឌ្ឍិគ្រប់គ្រាន់។
លោកបន្តថា រដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ គោលនយោបាយនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នេះកាលពីឆ្នាំ2017 តែគោលនយោបាយនេះមិនទាន់បានផ្សព្វផ្សាយទូលំទូលាយនៅឡើយ ហើយក្រសួងក៏កំពុងតែរៀបចំក្របខ័ណ្ឌក្នុងការវាយតម្លៃលើគម្រោងនីមួយៗដែរ។
លោកបន្តទៀតថា ក្រោយពីគម្រោងទី1 បញ្ជប់យើងអាចដកស្រង់បទពិសោធ និងមេរៀនខ្លះលើការងារនេះ ដើម្បីកែសម្រួលសម្រាប់គម្រោងក្រោយៗទៀត។ ដោយសារតែតម្លៃអចលនទ្រព្យកើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ ដូច្នេះរាល់គម្រោងនានាដែលបានដាក់ពាក្យស្នើសុំសាងសង់ រដ្ឋាភិបាលនឹងពិនិត្យជាក់ស្តែងនូវរាល់គម្រោងនីមួយៗដែលបានដាក់ស្នើមកក្រសួង ដោយពិនិត្យពីតម្លៃគម្រោងសរុប និងតម្លៃលក់ថា តើវាចំណេញឬខាត? ដូចនេះក្រសួងនឹងពិនិត្យលើការលើកទឹកចិត្តតាមស្ថានភាពជាក់ស្តែង៕