បបូរមាត់ពណ៌ផ្កាឈូក ប្រកបដោយសុខភាពល្អគឺជាក្តីសុបិនរបស់ស្ត្រីគ្រប់រូប។ ពណ៌នៃបបូរមាត់អាចបញ្ជាក់ឱ្យដឹងពីសុខភាព និងបែបបទនៃការរស់នៅរបស់អ្នក។ សម្រាប់អ្នកដែលមានទម្លាប់ជក់បារី ទទួលទានជាតិអាល់កុល និងការសាកល្បងប្រើប្រាស់គ្រឿងសម្អាងស្ទើរគ្រប់ប្រភេទនោះ នៅលើបបូរមាត់របស់អ្នកអាចធ្វើឱ្យវាមើលទៅខ្មៅ និងមិនមានផាសុកភាព។ ខណៈពេលដែលផ្ទៃមុខរបស់អ្នកកំពុងតែមានភាពស្អាតផូរផង់ហើយនោះ ហេតុអីអ្នកត្រូវទ្រាំនឹងការដែលបបូរមាត់ខ្មៅទៅវិញ? អ្នកពិតជាអាចទៅដល់គោលដៅនៃបបូរមាត់ទន់ និងមានពណ៌ផ្កាឈូកបាន ដោយគ្រាន់តែចំណាយពេលបន្តិច ដើម្បីមើលថែបបូរមាត់តាមវិធីដូចខាងក្រោម៖
* លាបទឹកឃ្មុំលើបបូរមាត់ មុនពេលចូលគេង ហើយម៉ាស្សាលើបបូរមាត់ រួចយកច្រាស់ទន់ៗ មកដុសទឹកឃ្មុំនោះចេញនាពេលព្រឹក។ ការធ្វើបែបនេះគឺដើម្បីសម្អាតស្រទាប់ស្បែកដែលស្ងួត និងចាស់ៗចោល។
* យកស្រទាប់ផ្កាកុលាបមួយទូកដៃ បន្ថែមជាមួយនឹងក្រែមបន្តិច រួចកិន ឬបុកវាចូលគ្នា រួចយកមកលាបលើបបូរមាត់ នោះអ្នកនឹងឃើញថា បបូរមាត់របស់អ្នកនឹងមានភាពទន់ ហើយពណ៌ក៏មើលទៅស្អាតជាងមុនជាមិនខាន។
* ប្រេងអូលីវកន្លះស្លាបព្រា លាយជាមួយនឹងស្ករស និងទឹកឃ្មុំបន្តិច ទុកសម្រាប់លាបលើបបូរមាត់ ប្រសិនបើអ្នកប្រាថ្នាចង់បានបបូរមាត់ដែលមានសភាពទន់ និងមានពណ៌ផ្កាឈូក ដែលជាសម្រស់តាមបែបធម្មជាតិពិតៗ។
* ទឹកដោះគោយកទៅរម្ងាស់ឱ្យក្លាយជាគ្រីមរួចយកគ្រីមនោះទៅលាបលើបបូរមាត់ ដើម្បីជាការផ្តល់សំណើម និងធ្វើឱ្យបបូរមាត់ទន់ល្អ។
* ការលាបជែល Vaseline ឬ Petroleum ជាប្រចាំ នឹងជួយរក្សាភាពស្រស់ស្អាត ទន់ដល់បបូរមាត់គ្រប់ពេល។
* Glycerin និងទឹកក្រូចឆ្មារ អាចជួយកម្ចាត់សភាពខ្មៅស្រគាំចេញពីបបូរមាត់បាន។សូមសាកល្បងតាមវិធីសាស្ត្រខាងលើ ប្រសិនបើអ្នកគិតថា បបូរមាត់របស់អ្នកនៅមិនទាន់មានភាពទន់ និងមានពណ៌ស្រស់ស្អាតសមតាមបំណងរបស់អ្នក ដើម្បីឱ្យបបូរមាត់របស់អ្នកមានភាពស្រស់ស្អាតគួរជាទីពេញចិត្ត និងទាក់ទាញតាមបែបធម្មជាតិ៕