បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា ផ្លែល្ពៅរបស់កសិករខ្មែរយើងដែលដាំនៅក្នុងស្រុក និងផ្លែល្ពៅរបស់ថៃដែលដាំនៅក្នុងប្រទេសគេ មានតម្លៃខុសគ្នាដូចមេឃនឹងដី ដោយល្ពៅរបស់កសិករខ្មែរមានតម្លៃចន្លោះពី 4 – 6បាត ប្រហែល 500 ទៅ600រៀល ចំណែកល្ពៅនៅផ្សារថៃមានតម្លៃចន្លោះពី 50 – 60បាត ប្រហែល 6,000រៀល ក្នុងមួយគីឡូក្រាម និងទោះជាល្ពៅខ្មែរមានតម្លៃថោកដូច្នេះក៏ដោយ ក៏ភាគីថៃបានបិទមិនឱ្យអាជីវករនាំល្ពៅពីកម្ពុជាចូលទៅលក់ដែរ។
បន្ទាប់ពីទទួលបានដំណឹងនេះអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានជួបប្រជុំជាមួយអាជ្ញាធរស្រុកណាំយ៉ឺនរបស់ភាគីថៃដើម្បីចរចាស្នើនាំល្ពៅចូលទៅប្រទេសថៃឡើងវិញ ដោយក្នុងមួយថ្ងៃអនុញ្ញាតឱ្យនាំចូលត្រឹមតែ 10តោនប៉ុណ្ណោះ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានលើកឡើងថា ផ្លែល្ពៅកសិករខ្មែរត្រូវបានភាគីថៃបិទមិនឱ្យនាំចូលរយៈពេល 5ថ្ងៃកន្លងមកហើយ ការបិទនេះបានធ្វើឱ្យកសិករខ្មែរមានការខាតបង់យ៉ាងច្រើន។ បន្ទាប់ពីបានទទួលដំណឹងនេះមក លោកអភិបាលស្រុកជាំក្សាន្តបានសំណូមពរទៅភាគីថៃ តាមរយៈលោកអភិបាលស្រុកណាំយ៉ឺនថា បើភាគីថៃចង់បិទគួរជូនដំណឹងមកអាជ្ញាធរស្រុកជាំក្សាន្តឱ្យបានដឹងមុនផង។
ចំណែកភាគីថៃលោកអភិបាលស្រុកណាំយ៉ឺន បានមានប្រសាសន៍ឆ្លើយតបវិញថា រឿងការបិទមិនឱ្យនាំចូលផ្លែល្ពៅពីខ្មែរនេះ លោកមិនបានដឹងទេ លោកទើបតែបានដឹងដោយសារលោកអភិបាលស្រុកជាំក្សាន្តទូរស័ព្ទប្រាប់នេះតែប៉ុណ្ណោះ។ ក្នុងនោះលោកអភិបាលស្រុកណាំយ៉ឺនបានសន្យាថា លោកនឹងពាំនាំសំណូមពររបស់អភិបាលស្រុកជាំក្សាន្តនេះ យកទៅដាក់ជូនក្នុងកិច្ចប្រជុំថ្នាក់ខេត្តដើម្បីដោះស្រាយបន្ត។
យ៉ាងណាមិញក្រោយពីបិទអង្គប្រជុំ ភាគីថៃបានយល់ព្រមបើកឱ្យអាជីវករខ្មែរនាំផ្លែល្ពៅចូលទៅលក់ក្នុងទីផ្សាររបស់គេវិញក្នុងមួយថ្ងៃបានត្រឹមតែ 10តោនប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាមថ្លៃចន្លោះពី 4 – 6បាត (ប្រហាក់ប្រហែល 500រៀល) ខណៈតម្លៃល្ពៅនៅក្នុងប្រទេសថៃមានតម្លៃចន្លោះពី 50 – 60បាត ប្រហែល 6,000រៀលឯណោះក្នុងមួយគីឡូក្រាម។
គួរបញ្ជាក់ថា កសិករដាំល្ពៅភាគច្រើននៅក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ បានចាប់ផ្តើមបេះផ្លែល្ពៅលក់តាំងពីដើមខែមិថុនា រហូតដល់ខែសីហាទើបកសិករប្រមូលផលល្ពៅអស់៕