អាន់ ហុង ជាន ជាមនុស្សកំប្លុកកំប្លែង និងថែមទាំងមានសមត្ថភាពទៀតផង តែអន់តែម្យ៉ាងគត់ គឺខ្លាចប្រពន្ធ។
ថ្ងៃមួយទាំងពីរនាក់ស្វាមីភរិយាបានទទួលដំណឺងថា ឪពុកក្មេកស្លាប់ (ឪពុករបស់ប្រពន្ធ) អាន់ ហុង ជាន និងភរិយាក៏ប្រញាប់រូតរះធ្វើដំណើរទៅចូលរួមពិធីបុណ្យសព។ នៅតាមផ្លូវភរិយារបស់អាន់ ហុង ជានដែលទួញយំគគ្រូកដោយក្តីសោកសៅតាំងពីពេលបានដឹងរឿងនោះមក ពេលបែរទៅឃើញស្វាមីមានទឹកមុខស្មើធម្មតា គ្មានបង្ហាញអាការសោកសៅស្រណោះបន្តិចណាសោះ ដែលទោះជាមានឮសំឡេងអណ្តឺតអណ្តក់ខ្លះក៏ដោយ តែបែរជាគ្មានដំណក់ទឹកភ្នែកសូម្បីតែបន្តិច ភរិយាក៏គំហកឡើងដោយសំឡេងខ្លាំងៗថា ៖
«នែឯង…តាំងពីចេញពីផ្ទះមក ខ្ញុំឮសូរតែសំឡេងអណ្តឺតអណ្តក់របស់ឯង តែហេតុអីបានអត់ឃើញមានទឹកភ្នែកមួយដំណក់សោះអ៊ីចឹង?»
«អ៊ើ អ៊ើ…យំតើ! តែជូតចេញអស់ហើយ» អាន់ ហុង ជានប្រញាប់ឆ្លើយដោះសារទាំងតតាក់តតុប។
ពេលឮចម្លើយបែបនោះ ភរិយាក៏ដាក់កំហិតយ៉ាងមុតមាំថា «ស្អែកនេះ ពេលទៅដល់មុខក្តារមឈូស ខ្ញុំត្រូវតែឃើញទឹកភ្នែករបស់ឯង មិនដូច្នោះទេ ច្បាស់ជាមានរឿងមិនខាន!»
អាន់ ហុង ជាន ប្រញាប់ឆ្លើយទទួលសម្តីភរិយា តែក្នុងចិត្តបែរជាពោរពេញទៅដោយក្តីព្រួយភ័យ និងកង្វល់ថា ស្អែកនេះមិនដឹងជាធ្វើយ៉ាងណា ដើម្បីឱ្យទឹកភ្នែកស្រក់ចេញមកបានឡើយ។
ព្រឹកស្អែកឡើង មុនទៅពិធីបុណ្យសព អាន់ ហុង ជានប្រញាប់យកក្រណាត់មួយដុំទៅជ្រលក់ទឹក ហើយលាក់បង្កប់នៅក្នុងក្រណាត់ជួតក្បាល ដោយសង្ឃឹមថា ក្នុងអំឡុងពេលលុតជង្គង់ឱនគំនាប់ខោកក្បាលនឹងដីពេលគោរពសពនោះ ទឹកពីក្រណាត់ទទឹកនោះ នឹងហូរធ្លាក់មកលើផ្ទៃមុខមើលទៅឃើញដូចជាទឹកភ្នែកស្រក់ចុះមកមិនខាន។
បន្ទាប់ពីចប់ពិធីគោរពសព ភរិយារបស់អាន់ ហុង ជាន ក៏ប្រញាប់អូសដៃស្វាមីទៅកន្លែងស្ងាត់ ដើម្បីពិនិត្យមើលថា តើស្វាមីមានស្រក់ទឹកភ្នែកឬអត់ តែពេលឃើញសភាពផ្ទៃមុខរបស់អាន់ ហុង ជានហើយ ក៏លាន់មាត់ឡើងថា «អ៊ុយស្លាប់ហើយ! មនុស្សធម្មតា ទឹកភ្នែកត្រូវស្រក់ចេញមកពីភ្នែក តែហេតុអីបានបងឯងទឹកភ្នែកហូរចេញមកពីថ្ងាសទៅវិញ?!»
ខាងស្វាមី នៅពេលត្រូវប្រពន្ធចាប់កំហុសបានបែបនេះ មិនដឹងជាដោះសារយ៉ាងណា ក៏ពោលឡើងបែបអៀនៗថា «អូនឯងមិនដែលឮគេនិយាយទេហ្អេ៎ថា ទឹកវាហូរធ្លាក់មកពីទីខ្ពស់មករកទីទាបណា៎»៕
ស្រាវជ្រាវដោយ តាវ៉ែនតា