ក្លិប Manchester City បានដាក់សំណើទៅកាន់ក្លិប Juventus ជុំវិញការផ្ទេររបស់កីឡាករ Dani Alves ក្នុងតម្លៃខ្លួន 5លានផោន (ស្មើនឹង 6.4លានដុល្លារអាមេរិក) ហើយលោក Pep Guardiola បានត្រៀមផ្តល់កុងត្រាដល់ខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះ រយៈពេល 2ឆ្នាំ ខណៈដែលគ្រូបង្វឹករូបនេះបន្តនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្រោយ។
Man City កំពុងតែស្វែងរកខ្សែការពារ ក្រោយពីបានអនុញ្ញាតឲ្យ Bacary Sagna និង Gael Clichy ចាកចេញ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងខែនេះ។ ជាមួយគ្នានេះដែរ ការផ្ទេរ Kyle Walker របស់ក្លិប Tottenham បានទទួលបរាជ័យ ដោយសារតែ Spurs កំពុងទាមទារតម្លៃខ្លួនច្រើនជាង 40លានផោនសម្រាប់ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ។ បញ្ហានេះបានជំរុញឲ្យលោក Guardiola ដាក់ការចាប់អារម្មណ៍លើ Alves ជាកីឡាករដែលលោកធ្លាប់បានធ្វើការជាមួយនៅឯក្លិប Barcelona។
ក្លិប Juventus បានប្រកាសថា ពួកគេអាចនឹងបើកចំហឲ្យមានការលក់កីឡាករម្នាក់ដែលបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ អំឡុងពេលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះ បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាពិសេសក្នុងពេលពួកគេបានយកឈ្នះលើក្រុម Monaco ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Alves នៅជាប់កិច្ចសន្យារយៈពេល1ឆ្នាំទៀត ហើយ Man City ត្រូវបានបញ្ជាក់ប្រាប់ថា ការដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់5លានផោន នឹងគ្រប់គ្រាន់ហើយក្នុងការបញ្ចុះបញ្ចូលឲ្យ Juventus លក់ខ្សែការពារវ័យ34ឆ្នាំរូបនេះ៕
ប្រភពពី៖ The Guardian