អតីតកីឡាករខ្សែបម្រើវ័យក្មេង ជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ត្រូវបានក្លិបបាល់ទាត់នៃលីកកំពូលថៃ Burriram ដែលមានមូលដ្ឋាននៅអតីតទឺកដីកម្ពុជា (ខេត្តប៊ុរីរ៉ាំ) បានផ្តាច់កុងត្រាជាផ្លូវការហើយ។
ចំពោះមូលហេតុនៃការផ្តាច់កុងត្រានេះ គឺដោយសារតែកីឡាករកម្ពុជារូបនេះមានបញ្ហារបួសយូរអង្វែងពេក ដែលធ្វើឱ្យខកខានក្នុងការជួយក្រុមថៃមួយនេះពេញកន្លះរដូវកាល ហើយម្យ៉ាងវិញទៀតក្លិបថៃខាងលើក៏បានចុះកុងត្រាយកកីឡាករវៀតណាមម្នាក់ មកជំនួសកៅអីកូតាកីឡាករអាស៊ាន របស់ច្រឹងពលរដ្ឋបាត់ទៅហើយទៀតផង។
ពលរដ្ឋ បាននិយាយដូច្នេះថា៖ “ខ្ញុំបាទ និងក្លិបបាល់ទាត់ BURIRAM UNITED បានឈានទៅដល់ការចែកផ្លូវគ្នាហើយ ដោយសារតែបញ្ហាពេលនោះរបួសខ្ញុំនៅមិនទាន់ជាសះស្បើយ ស្របពេលដែលក្លិប Buriram គេចាប់ផ្ដើមប្រមូលផ្តុំ និងចាប់ផ្តើមលីកប្រទេសថៃ។ ក្នុងពេលបច្ចុប្បន្នក៏មានក្លិបមួយចំនួននៅក្រៅប្រទេសបានទាក់ទងក្នុងការយកខ្ញុំទៅចូលរួម ប៉ុន្តែខ្ញុំនឹងជម្រាបជូននៅពេលព័ត៌មានច្បាស់ការណ៍”៕