តោះរៀនធ្វើស៊ុបកន្ទុយគោបែបចិន សម្រាប់ជំនួយដល់សុខភាព។ សូមពិនិត្យមើលគ្រឿងផ្សំ និងរបៀបធ្វើ ដោយមានការណែនាំពីសំណាក់ លោក ឈូក សាមិត្ត មេចុងភៅប្រចាំភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ102 ផ្លូវ315 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក ដូចខាងក្រោមនេះ ៖
គ្រឿងផ្សំ
– កន្ទុយគោ 200g
- ថ្នាំចិនសែ
– ស្រាចិន
– ស្ករស
– ម្សៅស៊ុប
– ប្រេងខ្យង
– ក្រូចឆ្មារ
- ជីវ៉ាន់ស៊ុយ
– នំប៉័ង
– ទឹកស្អាត ល្មមលិចកន្ទុយគោ
របៀបចម្អិន
ដំបូងត្រូវយកកន្ទុយគោមកកាប់ជាដុំតូចល្មម រួចយកទៅលាងទឹកឱ្យស្អាត សឹមយកទៅស្រុសជាមួយទឹកក្តៅ ហើយយកមកលាងជាមួយនឹងស្រាចិនម្តងទៀត។ ចំណែកថ្នាំចិនសែ ចូរយកមកលាងទឹកឱ្យស្អាតដី រួចយកថ្នាំចិនសែទៅរំងាស់ជាមួយនឹងទឹកល្មមលិចកន្ទុយគោរយៈពេលប្រហែល2ម៉ោង រួចសឹមដាក់កន្ទុយគោចូលរំងាស់រយៈពេល1ម៉ោងរហូតដល់កន្ទុយគោផុយ។ បន្ទាប់មកត្រូវបន្ថែមគ្រឿងផ្សំរសជាតិដូចជា ស្ករស ម្សៅស៊ុប ស្រាចិន និងប្រេងខ្យងជាដើម រួចភ្លក្សមើលតាមចំណូលចិត្ត។ ជាចុងក្រោយ ត្រូវតុបតែងបន្ថែមដោយជីវ៉ាន់ស៊ុយ និងដាក់ចំណិតក្រូចឆ្មារនៅជិតសម្រាប់ថែមរសជាតិនៅពេលទទួលទានជាការស្រេច។ ស៊ុបកន្ទុយគោនេះអាចទទួលទានជាមួយនឹងនំប៉័ងក៏បានដែរ គឺជាអាហារជំនួយដល់សុខភាពដ៏ល្អ៕