បងប្អូននារីៗទាំងអស់សូមងាកមករៀនធ្វើអាហារបែបជប៉ុនកាត់បារាំង សាំងហ្គាពួរ និងកាត់-ខ្មែរ ដែលជារួបមន្តដ៏វិសេសរបស់ចុងភៅដ៏ជំនាញប្រចាំភោជនីយដ្ឋាន Lumiere Sky Bar ដែលស្ថិតនៅជាន់ទី14 នៃសណ្ឋាគារ Lumiere គឺ លោក យឹម សុវណ្ណម៉ានិត។ ដូច្នេះសូមតាមដានជា-មួយនឹងគ្រឿងផ្សំ និងរបៀបធ្វើ ដូចខាងក្រោមនេះ ៖
គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់ 150ក្រាម
– ប្រេងខ្យង 15ក្រាម
– ទឹកស៊ីអីវ 10ក្រាម|
– ខ្ទឹមស 5ក្រាម
– ម្សៅគ្រឿងទេស5មុខ (5 spices powder) 2ក្រាម
– ឫសជីវ៉ានស៊ុយ 2ក្រាម
– ផ្កាចន្ទ 2សន្លឹក
– ឈើអែម 1ដើម
– ទឹកសុស Tonkatsu បែបជប៉ុន (ទឹកសុសជូរអែម) 40ក្រាម
– គ្រាប់សណ្តែកជប៉ុនស្ងោរ 20ក្រាម
– សណ្តែកក្រហម 20ក្រាម
– សណ្តែកបាយ 20ក្រាម
– ស្រា-សសម្រាប់ចម្អិនអាហារ 15មីល្លីលីត្រ
– អំបិល 2ក្រាម
– ម្រេច 1ក្រាម
– សារ៉ាយប្រឡាក់ជាមួយអំបិល Shio Kombu 1ក្រាម
– ប៉ោមខៀវឈូស 20ក្រាម
– ខ្ទឹមបារាំង 2ក្រាម
– ចំណិតខ្ទឹមក្រហម 3ក្រាម
– ស្លឹក Celery 3សន្លឹក
– ប៊័រ
របៀបចម្អិន
ដំបូងត្រូវយកសាច់ជ្រូកបីជាន់មកប្រឡាក់ជាមួយនឹងឫសជីវ៉ាន់ស៊ុយចិញ្ច្រាំ និងម្សៅគ្រឿងទេស5មុខ លាយជាមួយនឹងអំបិល ម្រេច ប្រេងខ្យង ទឹកស៊ីអីវ និងខ្ទឹមសចិញ្ច្រាំ រួចផ្អាប់ទុករយៈពេល1ថ្ងៃ សឹមយកទៅចំហុយនៅក្នុងម៉ាស៊ីនដែលមានកម្តៅ65អង្សាសេ រយៈពេល72ម៉ោង (3ថ្ងៃ)។ បន្ទាប់មកសឹមកាត់យកសាច់ជ្រូកបីជាន់ចំនួន150ក្រាមមកចៀនឱ្យឡើងពណ៌ក្រហម និងក្រៀមល្អ អស់ជាតិខ្លាញ់ រួចទុកមួយអន្លើសិន។ បន្ទាប់មកទៀត ចូរយកសណ្តែកទាំង3ប្រភេទនោះមកឆាចូលគ្នា ដោយបើកភ្លើងឱ្យក្តៅខ្លាំង ហើយដាក់ខ្ទឹមស ខ្ទឹមបារាំងចូលបន្តិច រួចដាក់សណ្តែកទាំង3មុខនោះចូល ដាក់ស្រា-សបន្តិច អំបិល ម្រេច សារ៉ាយប្រឡាក់ជាមួយអំបិល Shio Kombu និងប៊័រចូលបន្តិច ដើម្បីឱ្យវាឡើងខាប់ៗបន្តិច រួចសឹមចាក់ដាក់ចូលក្នុងចាន ហើយដាក់សាច់ជ្រូកបីជាន់ចៀនពីលើ និងតុបតែងបន្ថែមពីលើសាច់ជ្រូកបីជាន់ដោយចំណិតប៉ោមខៀវឈូស ស្លឹក Celery ចំណិតខ្ទឹមក្រហម និងស្រោចទឹកសុស Tonkatsu បែបជប៉ុនពីលើសាច់ជ្រូកជាការស្រេច។ អាហារមួយមុខនេះ គឺជាអាហារសម្រាប់សុខភាពដ៏ល្អបំផុត និងអាចទទួលទានជាមួយនឹងភេសជ្ជៈគ្រប់ប្រភេទ ទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងទាំងភេសជ្ជៈមានជាតិអាល់កុល គឺពិតជាមានរសជាតិប្លែក និងឆ្ងាញ់ជាប់ចិត្តជាមិនខាន៕