តារាសម្ដែង កញ្ញា ណាតាយ៉ា បានធ្វើឱ្យតារាសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ ក្នុងពេលដែលនាងមិនធ្លាប់បង្ហើបឱ្យឃើញពីភាពហ៊ឺហារឡូយឆាយ ដូចតារាមួយចំនួនទាល់តែសោះ ស្រាប់តែប្រកាសកាត់ខ្សែបូបើកក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលសុខភាព និងថែរក្សាសម្រស់ល្បីល្បាញមកពីជប៉ុន ដោយប្រើដើមទុនច្រើនម៉ឺនដុល្លារតែម្ដង។ គ្រាន់តែក្នុងពិធីរបស់នាងត្រូវបានគេអះអាងថា ចំណាយមិនតិចនោះទេ ក្នុងការទទួលតារាល្បី អ្នកជំនួញក្នុងស្រុក និងម្ចាស់ផលិតផលធំដែលនាងផ្ដាច់មុខមកពីជប៉ុនឱ្យចូលរួមនោះ។
អមដោយការប្រកាសខ្លួនជាអគ្គនាយិកា តារាសម្ដែង កញ្ញា ណាតាយ៉ា បានអះអាងថា នាងសម្រេចចិត្តចំណាយទុនរាប់ម៉ឺនដុល្លារនាំចូលផ្ដាច់មុខ ដើម្បីដាក់លក់ និងចែកចាយផលិតផល Inner Mois Collagen plus មកពីជប៉ុន គឺដោយសារតែផលិតផលនេះ មានគុណសម្បត្តិច្រើនយ៉ាង ហើយតាមរយៈការសិក្សាច្បាស់លាស់ ក៏មានការបញ្ជាក់ថា គឺជាផលិតផលដែលមិនមានប៉ះពាល់សុខភាព ហើយមានតែជួយដល់សុខភាពខាងក្នុងទៅវិញ ទាំងស្បែក ក្រពះ និង សម្រួលបញ្ហាទល់លាមក។
នាងសម្រេចបោះទុនប្រមាណជា5ម៉ឺនដុល្លារសម្រាប់គម្រោងបើកឆាក និងគ្រោងបន្ថែមជាច្រើនម៉ឺនទៀត ក្នុងពេលបន្តបន្ទាប់។ ផលិតផលនេះនាងបានប្រកាសថា បានលក់នៅតាមអនឡាញមួយរយៈមកហើយ ហើយដោយសារតែមានការគាំទ្រលើសលប់ ទើបឈានដល់ការនាំចូលផ្ដាច់មុខ។ នាងបានបញ្ជាក់ថា ផលិតផលនេះ ទទួលស្គាល់ទាំងក្រសួងសុខាភិបាលនៅជប៉ុន និងកម្ពុជា ហើយប្រសិទ្ធភាពល្អលើការពន្យារ និង ទប់ស្កាត់ភាពចាស់ កាត់បន្ថយការកើតមុន ជាំ អាចន៍រុយ ជួយឱ្យស្បែកស ភ្លឺពីខាងក្នុង សម្រាប់ស្ត្រីជួយឱ្យរដូវមកទៀង និងធ្វើឱ្យគេងលក់ស្រួល ព្រមទាំងជួយក្រពះពោះវៀន និងជួយសម្រួលដល់អាការទល់លាមក ជួយឱ្យគេងលក់ស្រួល គ្រាន់តែទទួលទានផលិតផលនេះមុនពេលចូលគេងរៀងរាល់យប់ជាការស្រេច។
កញ្ញា ណាតាយ៉ា បានបន្តថា ក្រោយក្លាយជាថៅកែនាំចូលផ្ដាច់មុខ នាងមិនឈប់ពីសិល្បៈនោះទេ គឺនៅតែទទួលថតស្ពត និងឡើងកម្មវិធីនៅតាមប៉ុស្តិ៍ទូរទស្សន៍ជាប្រចាំ លើកលែងតែថតកុនភាគ និងរឿងភាពយន្តខ្នាតធំតែប៉ុណ្ណោះ ដែលត្រូវប្រើពេលវេលាច្រើនថ្ងៃ ដែលនាងមិនទាន់ចង់ទទួលនោះទេ។ ក្នុងពិធីសម្ពោធផលិតផលរបស់នាងនាថ្ងៃ15 ខែមិថុនា ឆ្នាំ2019នោះដែរ គេសង្កេតឃើញថា មានតារាសិល្បៈ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម អបអរតំណែងថ្មីរបស់នាងនាថ្ងៃនោះ ដែលញ៉ាំងឱ្យកម្មវិធីសម្ពោធផលិរផលថ្មីរបស់នាងកាន់តែអធិកអធមឡើងថែមទៀត៕