កាលពីពេលថ្មីៗនេះ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទើបតែនាំភាពជោគជ័យមកជូនកម្ពុជា ក្រោយពីបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យឆ្លងផុតវគ្គជម្រុះ World Cup ជុំដំបូង។ នៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2019នេះ គឺជាថ្ងៃកំណើតទី33 របស់អតីតកីឡាករខ្សែប្រយុទ្ធលេខ1 របស់ជប៉ុន។
Keisuke Honda គឺជាជនជាតិជប៉ុនមួយរូបដែលដក់ចិត្តស្រឡាញ់កម្ពុជា ក្រោយពេលដែលមកកម្ពុជា លើកដំបូងក្នុងនាមជាកីឡាករជម្រើសជាតិជប៉ុនក្នុងវគ្គជម្រុះក្នុងពូលជាមួយនឹងកម្ពុជា។ ដោយសារមើលឃើញពីសម្ទុះនៃអ្នកគាំទ្រ និងទឹកចិត្តខំប្រឹងប្រែងលេងរបស់កីឡាករកម្ពុជា កីឡាកររូបនេះបានចំណាយទុនជាច្រើនក្នុងការដឹកនាំក្លិបបាល់ទាត់ខេត្តសៀមរាប រហូតក្រុមមួយនេះបានឡើងមកលេងនៅលីកកំពូលកម្ពុជា។
ដោយសារស្រឡាញ់បាល់ទាត់កម្ពុជាខ្លាំងពេក ក្នុងឆ្នាំ2018 រូបគេក៏បានស្ម័គ្រចិត្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកកម្រៃអ្វីទាំងអស់រយៈពេល 2ឆ្នាំ ដូចពាក្យដែលកីឡាកររូបនេះ បាននិយាយកាលពី 4ឆ្នាំមុន បន្ទាប់ពីជួយឱ្យជប៉ុនយកឈ្នះកម្ពុជា 2ទល់នឹង0 ថា ”រូបគេនឹងត្រឡប់មកជួយបាល់ទាត់កម្ពុជា ដោយសារតែចូលចិត្តបាល់ទាត់កម្ពុជា”៕