ឆ្លងកាត់ការហ្វឹកហាត់បន្ថែមជាមួយគ្រូបង្វឹកជនជាតិចិនមួយរយៈពេលកន្លងមក ឥឡូវនេះក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល 2ខែ ដើម្បីត្រៀមយុទ្ធសាស្ត្របន្តក្នុងបេសកកម្មនៅកីឡាស៊ីហ្គេម។
លោក Jun Li គ្រូបង្វឹកជម្រើសជាតិបាល់ទះកម្ពុជា បានបញ្ជាក់ពីស្ថានភាពក្រុមទាំងមូលថា រៀងរាល់ការប្រកួត លោកក៏ដូចជាតំណាងក្រុមនីមួយៗតែងតែចង់បានលទ្ធផលល្អ។ ទន្ទឹមនោះ អ្វីដែលលោកចង់ឃើញគឺ កីឡាករគ្រប់រូប ត្រូវបញ្ចេញសមត្ថភាពដែលខ្លួនមាន ដូច្នេះទើបគ្រូបង្វឹកនឹងដឹងថា តើកីឡាករណាម្នាក់ល្អ ឬខ្វះខាតកន្លែងណា។
យ៉ាងណាក៏ដោយ ការចេញទៅប្រកួតនៅប្រទេសថៃកាលពីប៉ុន្មានខែមុននេះ លោកថា គឺគ្រាន់តែជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពប៉ុណ្ណោះ ប៉ុន្តែការចេញទៅចិនលើកនេះ គឺលោកនឹងបង្វឹកសម្រេចសម្រួចចុងក្រោយ ខណៈការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំនេះនៅហ្វីលីពីន ត្រូវបានរំពឹងថា នឹងអាចយកឈ្នះក្រុមក្នុងតំបន់អាស៊ាននេះបាន៕