កាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ2017 តារាបង្ហាញម៉ូដច្នៃប្រឌិតបែបកំប្លែង រំដួលលិចទឹក ឬមានឈ្មោះពិតថា ម៉ិញ ចាន់វ៉ាន់ដា ដែលលោកអ្នកធ្លាប់បានគាំទ្រតាមរយៈការរចនាបង្ហាញម៉ូដភេទទីបី នៅលើបណ្ដាញសង្គម Facebook បានបង្ហាញវត្តមាននៅក្នុងកម្មវិធី «កាលយើងនៅក្មេង» នៅក្នុងបរិវេណវត្តចំប៉ា រាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយការថែរក្សាព្រះវិហារបុរាណៗដែលមានអាយុកាលរាប់រយឆ្នាំ អក្សរសាស្ត្រ និងការអាន ជាពិសេសគឺជួយជំរុញកុមារកម្ពុជាឱ្យកាន់តែស្រឡាញ់ការអានសៀវភៅ ដែលនេះជាឱកាសមួយធ្វើឱ្យ រំដួលលិចទឹក និងប្រិយមិត្តអាចរំឭកពីអនុស្សាវរីយ៍កាលពីកុមារភាពតាមរយៈកម្មវិធីខាងលើនេះបានទៀតផង ។
រំដួលលិចទឹកបានថ្លែងប្រាប់អ្នកយកព័ត៌មានគេហទំព័រ La Reine ថា “ដោយសារតែមានទំនាក់ទំនងជាមួយក្រុមការងារ ទាយាទអង្គរ ទើបមានចំណាប់អារម្មណ៍ចូលរួមនៅក្នុងកម្មវិធី «កាលយើងនៅក្មេង» នេះ ហើយម៉្យាងទៀត កម្មវិធីមួយនេះបានធ្វើឱ្យយើងនឹកឃើញដល់អនុស្សាវរីយ៍កាលយើងនៅក្មេង នៅជាកុមារភាព ទើបបណ្ដាលចិត្តឱ្យកាន់តែសប្បាយរីករាយបំផុតដែលបានចូលរួម ហើយណាមួយទៀត គឺជាកម្មវិធីដែលជួយដល់កុមារឱ្យមានភាពកក់ក្ដៅ ហើយអ្វីដែលខ្ញុំអាចចែករំលែកបានគឺមានតែសេចក្ដីស្រឡាញ់ដល់កុមារកម្ពុជាតែប៉ុណ្ណោះ” ។ ទន្ទឹមគ្នានោះដែរ រំដួលលិចទឹក បានបន្ដពោលថា ឱ្យតែកម្មវិធីទាក់ទងជាសប្បុរសធម៌ជួយដល់សង្គម និងកុមារ គឺលោកស្ម័គ្រចិត្តដាក់កាយជួយជានិច្ចមិនដែលខានឡើយ។
ជាមួយគ្នានោះដែរ ក្នុងនាមជាតំណាងឱ្យទំពាំងស្នងឬស្សីមួយរូប រំដូលលិចទឹក បានអំពាវនាវ និងសំណូមពរដល់មាតាបិតាសិស្សឱ្យជួយលើកទឹកចិត្ត និងជំរុញដល់កូនៗទាំងអស់ឱ្យកាន់តែស្រឡាញ់ការសិក្សា ការអាន និងការសរសេរ ជាពិសេសទៅទៀតនោះគឺផ្ដោតទៅលើការស្រឡាញ់អក្សរសាស្រ្តខ្មែរយើង។
ជាចុងក្រោយ ម៉ិញ ចាន់វ៉ាន់ដា មានតែម្រាមដៃដប់សំពះអរគុណដល់អ្នកគាំទ្រគ្រប់រូបដែលតែងតែគាំទ្ររូបលោករហូតមក ព្រមទាំងសូមផ្ដាំផ្ញើទៅប្រិយមិត្តគ្រប់រូបដែលមកចូលរួមរំឭកអនុស្សារីយ៍កាលវ័យកុមារ ជាមួយកម្មវិធី កាលយើងនៅក្មេង ដែលធ្វើឡើងនៅក្នុងបរិវេណវត្តចំប៉ានេះ ហើយជាពិសេសកុំភ្លេចគាំទ្រស្នាដៃសម្ដែងភាពយន្តខ្នាតធំជាលើកដំបូងរបស់លោកនៅក្នុងរឿង រាជបុរី ” Come Back ” ដែលគ្រោងដាក់បញ្ចាំក្នុងពេលឆាប់ៗខាងមុខនេះផង៕