យើងចង់ណែនាំប្រិយមិត្តទាំងអស់ពីដំណើរកម្សាន្តទៅកាន់ប្រទេសស្វីស ដែលជាប្រទេសក្នុងក្ដីសុបិន្ដរបស់ភ្ញៀវទេសចរគ្រប់រូបស្រម៉ៃចង់ទៅលេងកម្សន្ត។ នៅទីនោះមិនសូវជាត្រូវចំណាយច្រើនប៉ុន្មានទេ តែបរិយាកាស និងទេសភាពធម្មជាតិវិញ គឺពិតជាស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធពេញផ្ទៃប្រទេសតែម្ដង។ នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមនាំអារម្មណ៍អស់លោកអ្នកទៅកម្សាន្ដនៅទីក្រុងនៃប្រទេសស្វីស ដែលធានាថា ទៅហើយលែងចង់មកវិញតែម្ដង។
1. ទីក្រុងលូកាណូ (Lugano) ជាទីក្រុងដែលត្រូវបានឱ្យឈ្មោះថា “អុីតាលីប្រចាំស្វីស” ដោយសារតែសំណង់ស្ថាបត្យកម្មម៉ូដលំនាំប្រទេសអុីតាលីមានច្រើន ដែលក្លាយជាចំណុចសំខាន់ប្រចាំទីក្រុង និងមានចំណុចដែលទាក់ទាញខ្លាំងបំផុតមួយទៀតនោះគឺ ទន្លេលូកាណូ ដែលមានទេសភាពស្រស់ស្អាត ទឹកថ្លាឆ្លុះមុខឃើញ និងកាន់តែស្អាតបំផុតនៅពេលព្រះអាទិត្យរៀបអស្តង្គត់។
2. ទីក្រុងសឺមែទ (Zermatt)គឺជាទីក្រុងដែលមានឯកលក្ខណៈភាព មិនមានសំណង់អគារខ្ពស់ មានតែសំណង់ផ្ទះបុរាណរាប់រយឆ្នាំ។ ទីក្រុងមួយនេះ គឺជាទីក្រុងធំជាងគេនៅក្នុងប្រទេសស្វីស ខណៈដែលអ្នកទៅដល់ហើយ និងលាន់មាត់ថា ស្អាតប្លែកភ្នែកមិនធ្លាប់បានឃើញពីមុនមកឡើយ។
3. ទីក្រុងឡូសាន (Lausanne)បរិយាកាសអគារចម្រុះពណ៌បានអណ្ដែតឡើងនៅក្នុងក្រសែភ្នែករបស់លោកអ្នកហើយ ធ្លាប់តែបានឃើញនៅក្នុងរឿងកុន នៅពេលនេះបានឃើញផ្ទាល់ភ្នែកហើយ។ បើទោះបីជាមេឃក្ដៅយ៉ាងណាក៏ដោយ តែនៅទីក្រុងឡូសាន គឺពិតជាអំណោយផលខ្លាំងណាស់ មានម្លប់ត្រជាក់ស្រួលតែម្តង។ មានតែហាងទំនិញល្អៗ មិនសូវមានរថយន្ដបើកឆ្លងកាត់ឆ្វេចឆ្វាចដូចនៅទីក្រុងទំនើបៗដទៃនោះទេ គឺងាយស្រួលក្នុងការដើរលេង ទិញឥវ៉ាន់ និងសម្រាកញ៉ាំកាហ្វេត្រជាក់ៗខ្លាំងណាស់។
4. ទីក្រុង ឡូហ្សើន (Lucerne City)វត្ថុសំខាន់ ហើយល្បីល្បាញទូទាំងពិភពលោកនោះគឺ ការស្វែងរកសិង្ហដេកក្នុងគុហា។ ប្រជាជនស្វីសបានពោលពីដំណើររឿងឱ្យដឹងថា “អនុស្សាវរីយ៍សិង្ហ” គឺជាកន្លែងរំឭកដល់គុណូបការៈរបស់ទាហានស្វីស ដែលបានពលីជីវិតជាមួយភក្ដីភាពចំពោះព្រះបាទលុយស៍ទី16 នៅក្នុងសង្គ្រាមធំជាមួយនឹងប្រទេសបារាំង៕