ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB កំពុងតែធ្វើការពិចារណាទៅលើការកាត់បន្ថយពេលវេលាការប្រកួត និងបង្កើតប្រព័ន្ធលេងថ្មីមួយ ស្របពេលដែលមានការលើកឡើងពីមតិផ្សេងៗគ្នាជាច្រើន។
លោក David Elleray អតីតអាជ្ញាកណ្តាលក្នុងក្របខ័ណ្ឌ Premier League បាននិយាយថា វានឹងចំណាយពេលច្រើន ប្រសិនបើច្បាប់ថ្មីដ៏ចម្លែកៗជាច្រើនដែលបង្កើតឡើងដោយក្រុមអ្នកច្បាប់របស់កីឡាបាល់ទាត់ពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងការកាត់បន្ថយរយៈពេលការប្រកួតមកនៅត្រឹម 30នាទីក្នុងតង់នីមួយៗ ត្រូវអនុម័តជាផ្លូវការនោះ។ IFAB នៅសប្តាហ៍នេះ បានដាក់ចេញនូវកម្មវិធីនៃការច្នៃប្រឌិតដ៏មានសក្តានុពលមួយដែលមានឈ្មោះថា Fair Play! ដើម្បីកាត់បន្ថយពេលវេលានៃការលេងក្នុងតង់នីមួយៗ និងពេលសម្រាក នៅពេលដែលបាល់មិនស្ថិតក្នុងទីតាំងលេង។ ការកាត់បន្ថយការប្រកួតក្នុងតង់នីមួយៗមកត្រឹមរយៈពេល 30នាទី ដោយម៉ោងនឹងឈប់ដើរ នៅពេលដែលបាល់ឈប់មានចលនាដែរនោះ គឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលត្រូវបានលើកយកមកពិភាក្សាដោយ IFAB ដើម្បីធ្វើឲ្យការប្រកួតកីឡាបាល់ទាត់កាន់តែមានភាពទាក់ទាញ។
IFAB បានបញ្ជាក់ថា ឯកសារច្បាប់ Fair Play! មានគោលបំណង 3គឺ ធ្វើឲ្យឥរិយាបថកីឡាករកាន់តែល្អប្រសើរឡើង និងបង្កើនការគោរពគ្នាទៅវិញទៅមក បង្កើនពេលវេលានៃការលេង និងបង្កើនភាពស្មើភាពគ្នា និងភាពទាក់ទាញ។ លោក Elleray ប្រធានបច្ចេកទេសរបស់ IFAB បានទទួលស្គាល់ថា សំណើនេះអាចនឹងទទួលរងនូវការរិះគន់។ នៅពេលដែលត្រូវបានចោទសួរអំពីមូលដ្ឋាននៃការកាត់បន្ថយរយៈពេលការប្រកួតឲ្យកាន់តែខ្លីនេះ លោក Elleray បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាហាក់ដូចជាចម្លែកបន្តិចមែន ប៉ុន្តែក្នុងកីឡាផ្សេងទៀត ម៉ោងនឹងឈប់ដើរទៅមុខនៅពេលដែលបាល់មិនស្ថិតក្នុងទីតាំងលេង។ យើងដឹងថា ក្នុងកីឡាបាល់ទាត់កម្រិតខ្ពស់ អ្នកមានពេលវេលាលេងយ៉ាងពិតប្រាកដត្រឹមតែ 60នាទីប៉ុណ្ណោះ»៕
ប្រភពពី៖ Goal.com