ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖
1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អុីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល- ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើម គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូច អ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃមិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
4. រឿងនិទានបង្រៀនពិសីលធម៌រស់នៅ រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថាបើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។
5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
6. រឿងនិទានបង្រៀនពការរស់នៅក្នុងសង្គម ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើលចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិនផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នាជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃបានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយ និងកូន ឬបងនិងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវានឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអុីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ? គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយដំណាក់កាល ឬម្ដងមួយរឿងឡើយ។
9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ មុនពេលគេង គឺជាអំឡុងពេលដ៏អស្ចារ្យណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
10. ការនិយាយរឿងនិទាន គឺជាការសាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វីដែលទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អុីចឹងដែរ…)៕