រឹតតែអាយុគភ៌កើនឡើងច្រើនប៉ុនណា ភាពប្រែប្រួលទាំងឡាយនៅក្នុងខ្លួនរបស់អ្នកម្តាយក៏រឹតតែមានច្រើនឡើងប៉ុននោះដែរ ដែលមើលឃើញបានច្បាស់ៗនោះគឺ រូបរាងដែលកាន់តែធាត់ឡើង ជាពិសេសផ្នែកពោះដែលប៉ោងធំឡើង ដោយសារតែកូនក្នុងផ្ទៃកាន់តែធំធាត់ឡើងហ្នឹងឯង។ក្រៅពីរាងកាយហើយ ផ្លូវចិត្តរបស់អ្នកម្តាយមានគភ៌ ក៏ជាផ្នែកមួយទៀតដែលត្រូវប្រឈមនឹងការប្រែប្រួលច្រើនដូចគ្នាដែរ គ្រាន់តែជាការប្រែប្រួលដែលបង្កប់ជ្រៅនៅខាងក្នុង គ្មានរណាអាចដឹង ឬប៉ះពាល់បានឡើយ។
កម្លាំងចិត្តពីប៉ាសាងសេចក្តីសុខដល់ម៉ាក់ និងកូន
អ្នកម្តាយនឹងមានអារម្មណ៍សប្បាយរីករាយក្នុងចិត្ត មានសេចក្តីសុខ និងភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើងនាពេលអនាគត ទើបអារម្មណ៍របស់អ្នកវឹលវិលឡូកឡំចូលគ្នាអស់ នេះហើយជាមូលហេតុដែលធ្វើឱ្យអ្នកមានផ្ទៃពោះភាគច្រើនមានអារម្មណ៍ទន់ជ្រាយ មួម៉ៅ និងឆាប់តូចចិត្តជាងប្រក្រតី។
អ្វីដែលអ្នកម្តាយត្រូវការជាទីបំផុត ដើម្បីទប់ទល់នឹងការប្រែប្រួលទាំងខាងរាងកាយ ទាំងខាងអារម្មណ៍នោះ គឺ ការឃុំគ្រងការពារ ការផ្តល់កម្លាំងចិត្ត ការមើលថែទាំយកចិត្តទុកដាក់ជាពិសេសពីមនុស្សដែលមានភាពសំខាន់បំផុតនោះ គឺស្វាមីរបស់ខ្លួនហ្នឹងឯង។
មិនពិបាកទេ គ្រាន់តែនៅជិតដឹតក្បែរ មើលថែនាំជជែកលេង និងបញ្ជូនសេចក្តីស្រឡាញ់តាមរយៈដៃទាំងពីរ ដោយការគក់ច្របាច់ធ្វើម៉ាស្សាឱ្យភរិយា ឱបត្រកងកូនតូចតាមរយៈអ្នកម្តាយ ដោយក្តីស្រឡាញ់តែម្យ៉ាងគត់។
ការគក់ច្របាច់ធ្វើម៉ាស្សាដោយក្តីស្រឡាញ់យ៉ាងថ្នាក់ថ្នមនេះ មិនត្រឹមតែធ្វើឱ្យអ្នកម្តាយមានគភ៌ពោរពេញដោយសេចក្តីសុខទាំងកាយទាំងចិត្តនោះទេ តែវាថែមទាំងជាការបញ្ជូនអារម្មណ៍ដ៏សែនល្អប្រសើរបំផុតមួយឱ្យជ្រួតជ្រាបឆ្លងចូលទៅរកកូនតូចដែលនៅក្នុងគភ៌ទៀតផង។
វិធីបង្កើនសេចក្តីសុខដល់អ្នកម្តាយមានគភ៌
បើនៅមិនទាន់ដឹងថា នឹងចាប់ផ្តើមយ៉ាងណានោះ ឡារ៉ែន មានវិធី7យ៉ាងក្នុងការបង្កើនសេចក្តីសុខដល់អ្នកម្តាយមានគភ៌ ដោយបាតដៃទាំងពីររបស់លោកប៉ាមកជម្រាបជូន។
1. ឱ្យអ្នកម្តាយយកដៃច្រានជញ្ជាំងក្នុងឥរិយាបទឈរ ទប់ខ្លួនឱ្យនឹង បន្ទាប់ពីនោះមកឱ្យលោកប៉ាប្រើបាតដៃសង្កត់លើបរិវេណចង្កេះ រហូតមកដល់ទួលត្រគាកទាំងសងខាង។ ការធ្វើបែបនេះនឹងជួយបន្ធូរភាពតានតឹងនៅម្តុំត្រគាកបានយ៉ាងល្អ ហើយថែមទាំងជួយឱ្យអ្នកម្តាយមានអារម្មណ៍ថាស្រាលខ្លួនសប្បាយទៀតផង។
2. ការម៉ាស្សាលុញនៅបរិវេណខ្នងស្មារបស់អ្នកម្តាយ ក្រៅពីជួយបន្ធូរបន្ថយភាពតានតឹងរបស់សាច់ដុំហើយនោះការប៉ះពាល់ពីលោកប៉ានៅបានជួយបន្ធូរក្តីកង្វល់ និងភាពភ័យខ្លាចក្នុងចិត្តអ្នកម្តាយបានទៀតផង។
3. ប្រើចុងម្រាមចង្អុលដៃទាំងពីររបស់លោកប៉ាសង្កត់ធ្វើម៉ាស្សាយឺតៗត្រង់គល់ច្រមុះចន្លោះភ្នែកទាំងពីររបស់អ្នកម្តាយថ្នមៗ នឹងជួយឱ្យផ្លូវចេញចូលរបស់ខ្យល់ដង្ហើមស្រឡះស្រួល មិនតឹងណែន។
4. ការត្រាំជើងដោយទឹកក្តៅឧណ្ហៗ ហើយច្របាច់ធ្វើម៉ាស្សាប្រអប់ជើងដែលជាបណ្តុំរួមរបស់សរសៃប្រសាទជាច្រើននោះ នឹងជួយឱ្យអ្នកម្តាយកើតមានអារម្មណ៍ស្រួលសប្បាយខ្លួនសាយភាយពេញទាំងរាងកាយ តែក្នុងពេលមានគភ៌ បើឱ្យអ្នកម្តាយច្របាច់ម៉ាស្សាប្រអប់ជើងខ្លួនឯង ប្រហែលជាមិនសូវពេញដៃប៉ុន្មានទេ ដូច្នេះត្រូវពឹងលើដៃទាំងពីររបស់លោកប៉ាហ្នឹងឯង។
5. ត្រឹមតែលោកប៉ាឱបប្រគងអ្នកម្តាយពីផ្នែកខាងក្រោយ ក៏អាចជំរុញថាមពលដ៏រឹងមាំក្នុងរាងកាយអ្នកម្តាយនៅថ្ងៃដែលមានអារម្មណ៍ថាភ័យខ្លាច ឱ្យត្រៀមខ្លួនជាស្រេចគ្រប់ស្ថានការណ៍បានទៅហើយ។
6. បន្ទាប់មក ប្រើបាតដៃទាំងសងខាងរបស់លោកប៉ា សង្កត់ថ្នមៗលើពោះអ្នកម្តាយ លោកប៉ាអាចប៉ះពាល់ និងបញ្ជូនថាមពលនៃក្តីស្រឡាញ់ទៅឱ្យទាំងអ្នកម្តាយ ទាំងកូនតូចដែលនៅក្នុងផ្ទៃ ដោយកូនតូចនឹងបានដឹងពីការប៉ះពាល់ដ៏កក់ក្តៅនៃរង្វង់ដៃឱបរបស់ប៉ាតាមរយៈពោះម៉ាក់។
7. ការធ្វើម៉ាស្សាម្រាមដៃ និងបរិវេណបាតដៃ ក្រៅពីនឹងជួយបន្ធូរបន្ថយភាពតានតឹងបរិវេណក្បាល និងខ្នងហើយ នៅបានជួយឱ្យកើតភាពស្រស់ស្រាយ ស្វាហាប់ទៀតផង។មិនគួរឱ្យជឿសោះមែនទេថា ការប៉ះពាល់ គក់ច្របាច់ធ្វើម៉ាស្សាដោយដៃទាំងពីររបស់លោកប៉ាតែប៉ុណ្ណឹង អាចផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងកម្លាំងចិត្តដល់អ្នកម្តាយនិងកូនតូចបាន។ បើមិនជឿ សូមសាកល្បងធ្វើលមើលទៅមើល៍៕